(ម៉ានីល)៖ ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសចិននឹងបន្តធ្វើការរួមគ្នាជាមួយ ហ្វីលីពីន ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី គឺលោក ហ្វ៊ែឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី កាលពីដើមសប្តាហ៍។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការដែលបានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian), ចិននៅតែប្តេជ្ញាចិត្តចំពោះមិត្តភាពជាមួយប្រទេសជិតខាង គឺហ្វីលីពីន ដោយនឹងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតក្រោយវិបត្តិកូវីដ ១៩, ពង្រីកកិច្ចសហប្រតិបត្តិការ ឈ្នះ ឈ្នះ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងថែមទៀត ដល់ប្រទេសទាំងពីរ។

គួរបញ្ជាក់ថា លោក Marcos នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ចំពោះមុខក្តីសង្ឃឹមរួមគ្នាថា ទំនាក់ទំនងចិន-ហ្វីលីពីន នឹងកាន់តែរឹងមាំ ហើយកិច្ច សហប្រតិបត្តិការកាន់តែមានផ្លែផ្កាថែមទៀត៕