(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានអំពាវនាវឱ្យប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អេហាណុម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) ចៀសវាងការនិយាយដោយ «មិនទទួលខុសត្រូវ» បន្ទាប់ពីលោកបានលើកឡើងថា គោលនយោបាយហ្សេរ៉ូកូវីដ (Zero-COVID) របស់ប្រទេសចិន មិនមាននិរន្តរភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំងនៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជាន (Zhao Lijian) បានការពារវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតរបស់ប្រទេសចិន ដោយបាននិយាយថា ប្រទេសចិនសង្ឃឹមថា ប្រធានអង្គការ WHO អាចពិចារណាលើគោលនយោបាយ Zero-COVID របស់ប្រទេសចិន ដោយភាពមិនលំអៀង។

គួរបញ្ជាក់ថា ប្រធានអង្គការ WHO កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានលើកឡើងនៅក្នុងការអត្ថាធិប្បាយជាសាធារណៈដ៏កម្រដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ស្តីពីការដោះស្រាយជំងឺឆ្លងរាតត្បាតថា គោលនយោបាយ Zero-COVID របស់ប្រទេសចិន គឺមិនមាននិរន្តរភាពនោះទេ។

លោក Tedros បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា «យើងមិនគិតថា វាមាននិរន្តរភាពនោះទេ ដោយពិចារណាលើការវិវត្តនៃវីរុសនោះ និងអ្វីដែលយើងទន្ទឹងរង់ចាំនាពេលខាងមុខ។ យើងបានពិភាក្សាបញ្ហានេះជាមួយអ្នកជំនាញចិន ហើយយើងបានបង្ហាញថា វានឹងមិនមាននិរន្តរភាពនោះទេ... ដូចនេះខ្ញុំគិតថា ការផ្លាស់ប្តូរ នឹងមានសារៈសំខាន់ខ្លាំងណាស់»