(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,៧៥៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ៥៣៨ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន ១៧៨ករណី និងខេត្ត Phú Thọ ១៥៩ករណី។

ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីចំនួន ០២នាក់ទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៨៣,៩៧២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣២៧,៥២៣នាក់ និងស្លាប់សរុបចំនួន ៤៣,០៦០នាក់៕