(ឌូបៃ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានទៅបំពេញទស្សនកិច្ចនៅប្រទេសអូម៉ង់ ដែលជាសមាជិកនៃសម្ព័ន្ធប្រទេសផលិតប្រេង OPEC+ នៅថ្ងៃពុធនេះ ដើម្បីជួបពិភាក្សាការងារជាមួយសមភាគីអូម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារ ព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr Al-Busaidi បានប្រាប់សមភាគីរុស្ស៊ីថា ទីក្រុង Muscat បានប្តេជ្ញាចិត្តក្នុងការគោរពកិច្ចព្រមព្រៀងទិន្នផល OPEC+ ដែលមានស្រាប់ ដោយមិនបង្កើនបរិមាណបូមប្រេងនោះទេ និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។

រដ្ឋឈូងសមុទ្រដែលជាសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក មិនបានចូលជាភាគីក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែនទេ ខណៈពេលដែលជំរុញឱ្យមានការអត់ធ្មត់ និងធ្វើការទូតដើម្បីបញ្ចប់វិបត្តិនេះ។ ប្រទេសផលិតប្រេងនៅឈូងសមុទ្រ ក៏បដិសេធនឹងការអំពាវនាវរបស់បស្ចិមប្រទេសសម្រាប់បង្កើនបរិមាណការបូមប្រេង ដើម្បីធ្វើឱ្យទីក្រុងម៉ូស្គូនៅឯកោផងដែរ៕