(ហែលស៊ិនគី)៖ ប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនីស្ដូ (Sauli Niinisto) នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា វាមិនមែនដើម្បីប្រឆាំងនឹងប្រទេស ណាមួយនោះទេ ប្រសិនបើប្រទេសរបស់លោកចូលជាសមាជិក NATO បើទោះជាមានការព្រមានពីរុស្ស៉ីប្រឆាំងនឹងសមាជិកភាពនេះក៏ដោយ។ នេះបើតាម ការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក Sauli Niinisto ធ្វើឡើងនៅឯពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍នយោបាយមួយ នៃការគាំទ្រគ្នាទៅវិញទៅមក ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន។ នៅក្រោមសេចក្ដីថ្លែងការណ៍នេះ, ប្រសិនបើហ្វាំងឡង់ប្រឈមមុខ ឬទទួលរងគ្រោះមហន្តរាយ ឬក៏ការវាយប្រហារណាមួយ នោះចក្រភពអង់គ្លេសនឹងផ្ដល់ការគាំទ្រតាមមធ្យោបាយជាច្រើន ក្នុងនោះអាចមានទាំងចំណាត់ការយោធាផងដែរ។

សេចក្ដីថ្លែងការណ៍បែបនេះក៏ត្រូវបានធ្វើឡើងជាមួយនឹងប្រទេសស៊ុយអែតផងដែរ ខណៈទាំងហ្វាំងឡង់ និងស៊ុយអែត ត្រូវបានគេរំពឹងថានឹងប្រកាសពីដាក់ ពាក្យសុំចូល NATO ឆាប់ៗនេះ។

គួរបញ្ជាក់ថា បើតាមលោក Sauli Niinisto ហ្វាំងឡង់ អាចនឹងប្រកាសជាផ្លូវការថាតើគួរ ឬមិនគួរដាក់ពាក្យសុំចូលជាសមាជិក NATO នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ហើយស៊ុយអែតត្រូវបានគេរំពឹងដែរថានឹងប្រកាសដូចគ្នានេះក្នុងពេលដ៏ខ្លីខាងមុខ។ ប៉ុន្តែ រុស្ស៉ីធ្លាប់បានព្រមានថាអាមេរិក និង NATO ថាការទទួលយកប្រទេសទាំង២ ជាសមាជិក អាចនឹងបង្កផលវិបាកធ្ងន់ធ្ងរមិនអាចស្មានបាន៕