(ព្រុចសែល)៖ មន្ត្រីការទូតលោកខាងលិចចំនួន ៥នាក់បាននិយាយថា សម្ព័ន្ធមិត្តអង្គការណាតូ (NATO) រំពឹងថាហ្វាំងឡង់ និងស៊ុយអែត នឹងដាក់ពាក្យចូលជាសមាជិកបក្សសម្ព័ន្ធភាព នៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយពួកគេនឹងទទួលបានសមាជិកភាពយ៉ាងឆាប់រហ័ស។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។

ថ្លែងប្រាប់ Reuters អ្នកការទូតម្នាក់ក្នុងចំណោមមន្ត្រីទូតទាំង៥នាក់ខាងលើ បានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា «ត្រូវ ហើយ, ពួកគេ (ហ្វាំងឡង់ និងស៊ុយអែត) នឹងដាក់ពាក្យ ហើយពួកគេនឹងទទួលបានសមាជិកភាព»។ រីឯអ្នកការទូតម្នាក់ទៀត បានបន្ថែមថា «បើមិនមែនពេលនេះ តើនៅពេលណា?»

មន្ត្រីការទូតខាងលើដដែល បានសង្កត់ធ្ងន់ថា ក្នុងកំលុងពេលផ្តល់សច្ចាប័នរយៈពេល ១ឆ្នាំនៃសមាជិកភាពរបស់ប្រទេសទាំង២ សម្ព័ន្ធមិត្ត NATO នឹងបង្កើនវត្តមានកងទ័ពនៅក្នុងតំបន់ Nordic ដើម្បីត្រៀមសម្រាប់ការធ្វើសមយុទ្ធយោធា និងការល្បាតកងទ័ពជើងទឹក នៅក្នុងតំបន់សមុទ្រ បាល់ទិក (Baltic) ព្រមទាំងពង្រាយកងកម្លាំងអាមេរិក និងអង់គ្លេស ឆ្លងកាត់ហ្វាំងឡង់ និងស៊ុយអែតផងដែរ។

ទោះជាយ៉ាងណា ហ្វាំងឡង់ និងស៊ុយអែត នឹងមិនទទួលបានអត្ថប្រយោជន៍ពីការពារជាសមូហភាពពីសំណាក់អង្គការណាតូ នោះទេ រហូតដល់ សភានៃរដ្ឋជាសមាជិកទាំង ៣០ បានផ្តល់សច្ចាប័នលើការសម្រេចចិត្តនេះជាមុនសិន។

គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់ ដែលមានព្រំដែនចម្ងាយ ១,៣០០គីឡូម៉ែត្រពីប្រទេសរុស្ស៉ី នឹងប្រកាសពីជំហររបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ដែលជាវិធានការមួយ នឹងត្រូវបានចាត់ទុកថា ជាការបញ្ជាក់ជាផ្លូវការនៃការសម្រេចចិត្តចូលរួមសម្ព័ន្ធភាព។ រីឯប្រទេសស៊ុយអែត ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ សភារបស់ប្រទេសស៊ុយអែត កំពុងរៀបចំការពិនិត្យឡើងវិញគ្រប់អំពី គោលនយោបាយសន្តិសុខដែលនឹងត្រូវរាយការណ៍នៅថ្ងៃសុក្រស្អែកនេះ៕