(កៀវ)៖ យោធាអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា មីស៉ីលប្រភេទបាលីស្ទិគ និងមីស៉ីលប្រភេទគ្រូស សរុបទាំងអស់ចំនួន៧៨៨គ្រាប់ ត្រូវបានបាញ់មកលើគោលដៅផ្សេងៗ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។

បើតាមយោធាអ៊ុយក្រែន មីស៉ីលរាប់រយគ្រាប់ទាំងនោះ ដែលបាញ់ចេញពីក្នុងទឹកដីរុស្ស៉ីផងនិងបេឡារុសផង ភាគច្រើនមានគោលដៅមកលើ តំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ខណៈគោលដៅចម្បងរបស់ពួកវាគឺ បណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប៉ុន្តែរុស្ស៉ីក៏បានវាយប្រហារលើ សំណង់ហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដែលមានសារសំខាន់សម្រាប់សង្គមទូទៅផងដែរ។

ជាមួយគ្នានេះ យោធាអ៊ុយក្រែនបានឱ្យដឹងថា ការប្រយុទ្ធគ្នាកំពុងតែបន្តប្រព្រឹត្តទៅ នៅតាមផ្នែកជាច្រើននៃប្រទេសអ៊ុយក្រែន។ នៅទីក្រុងខាកៀវ (Kharkiv) រុស្ស៉ីកំពុងពង្រឹងកម្លាំងរបស់ពួកគេ បន្ទាប់ពីកងទ័ពអ៊ុយក្រែន ថ្មីៗនេះដណ្តើមកាន់កាប់ភូមិជាច្រើនយកមកវិញ នៅតំបន់នោះ។ រីឯទីក្រុងម៉ារីយូប៉ូល (Mariupol) កំពុងបន្តទទួលរងការផ្លោងកាំភ្លើង និងបាញ់មីស៉ីលពីសំណាក់កងទ័ពរុស្ស៉ី ចំពោះមុខការតស៊ូមិនចុះញ៉ម របស់ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែន នៅរោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal)៕