(ហ្សឺណែវ)៖ មនុស្សជាង ៣.៥លាននាក់បានឆ្លងជំងឺ COVID-19 ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ និងជាង ១២,០០០នាក់បានស្លាប់។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ចំនួនករណីឆ្លងថ្មីៗបានធ្លាក់ចុះ ១២% បើធៀបទៅនឹងសប្តាហ៍មុន ហើយចំនួនអ្នកស្លាប់ថ្មីៗក៏បានធ្លាក់ចុះ ២៥% ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងព្រឹត្តិបត្រប្រចាំសប្តាហ៍របស់អង្គការ WHO បានកត់សម្គាល់ថា ចំនួនករណីឆ្លង និងស្លាប់ថ្មីៗដោយសារជំងឺ COVID-19 បានធ្លាក់ចុះចាប់តាំងពីចុងខែមីនាមកម៉្លេះ។ ដូច្នេះនៅចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែឧសភា មនុស្សចំនួន ៣,៥៤៦,០៦៩នាក់ត្រូវបានរាយការណ៍ថា បានឆ្លងជំងឺ COVID-19 ដោយមានការធ្លាក់ចុះ ១២% និងមនុស្សចំនួន ១២,០២៥នាក់បានស្លាប់ ដោយមានការធ្លាក់ចុះ ២៥% បើប្រៀបធៀបទៅនឹងតួលេខកាលពីសប្តាហ៍មុននោះ ដែលបានរាយការណ៍ទៅអង្គការ WHO។

ការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃចំនួនករណីឆ្លង បើប្រៀបធៀបទៅនឹងសប្តាហ៍មុន (ថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា) នោះគឺនៅតំបន់អាស៊ីអាគ្នេយ៍ មានការធ្លាក់ចុះ ២៩% ខណៈតំបន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ (Eastern Mediterranean) មានការធ្លាក់ចុះ ២៨% និងទី្វបអឺរ៉ុបមានការធ្លាក់ចុះ ២៦%។

គួរបញ្ជាក់ថា បើតាមអង្គការ WHO សហរដ្ឋអាមេរិកបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗខ្ពស់បំផុតក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដែលមានចំនួន ៤៥១,៤១៤ករណី បន្ទាប់មកគឺប្រទេសអូស្ត្រាលីចំនួន ៤៣១,៤១០ករណី, ប្រទេសអាល្លឺម៉ង់ចំនួន ៤២៧,០៤៤ករណី, ប្រទេសអ៉ីតាលីចំនួន ៣០៤,៥៧៣ករណី និងប្រទេសកូរ៉េខាងត្បូងចំនួន ២៦៨,៧៤៩ករណី ខណៈសហរដ្ឋអាមេរិកក៏បានរាយការណ៍ថាមានអ្នកស្លាប់ច្រើនបំផុតក្នុងរយៈពេលដូចគ្នានេះដែរ ដែលមានចំនួន ២,៦៥២នាក់ បន្ទាប់មកគឺប្រទេសរុស្ស៉ីចំនួន ៩១៥នាក់, ប្រទេសអ៉ីតាលីចំនួន ៩១០នាក់, ប្រទេសបារាំងចំនួន ៧៣២នាក់ និងប្រទេសប្រេស៊ីលចំនួន ៦៨១នាក់។ រីឯវីរុសបំប្លែងថ្មី Omicron នៅតែជាវីរុសដែលមានសមត្ថភាពឆ្លងខ្លាំងជាងគេនៅជុំវិញពិភពលោក៕