(ហែលស៉ិនគី)៖ ប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីហ្វាំងឡង់ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសគាំទ្រឱ្យហ្វាំងឡង់ ដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការ NATO ភ្លាមៗតែម្តង ដោយមិនបង្អង់យូរឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។

ក្នុងសេចក្តីថ្លែងការណ៍រួម ប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនីស្តូ (Sauli Niinisto) និងនាយករដ្ឋមន្រ្តីហ្វាំងឡង់ លោកស្រី សានណា ម៉ារីន (Sanna Marin) បានលើកឡើងយ៉ាងដូច្នេះថា «ហ្វាំងឡង់ត្រូវដាក់ពាក្យស្នើសុំសមាជិកភាពនៃអង្គការ NATO ដោយមិនបង្អង់យូរនោះទេ»

ថ្នាក់ដឹកនាំទាំងពីររបស់ហ្វាំងឡង់បានបន្តថា «ការក្លាយជាសមាជិក NATO នឹងជួយពង្រឹងសន្តិសុខរបស់ហ្វាំងឡង់ ហើយក្នុងនាមជាសមាជិក NATO ហ្វាំងឡង់ក៏នឹងជួយធ្វើឱ្យសម្ព័ន្ធយោធាមួយនេះ កាន់តែរឹងមាំថែមទៀតផងដែរ»។ បើតាមលោក Niinisto និង លោកស្រី Marin នីតិវិធីថ្នាក់ជាតិដែលចាំបាច់ សម្រាប់ការសម្រេចចិត្តជាផ្លូវការ នឹងត្រូវធ្វើក្នុងពេលប៉ុន្មានថ្ងៃទៀត។

ហ្វាំងឡង់ត្រូវគេរំពឹងថា នឹងប្រកាសជាផ្លូវការ នូវការសម្រេចចិត្តរបស់ខ្លួន ក្នុងការដាក់ពាក្យចូលអង្គការ NATO នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ បន្ទាប់ពីឆ្លងកាត់ការពិចារណាដោយសភា និងដោយក្រុមអ្នកនយោបាយជាន់ខ្ពស់ដទៃទៀត។ ចំណែកស៊ុយអែតដែលជាប្រទេសជិតខាង ក៏បានឱ្យដឹងដែរថា ខ្លួននឹងប្រកាសពីការសម្រេចចិត្តស្រដៀងគ្នា នៅថ្ងៃនោះដូចគ្នា។

គួរបញ្ជាក់ថា កន្លងមក ប្រទេសរុស្ស៉ីធ្លាប់បានព្រមានចាត់វិធានការឆ្លើយតប ប្រសិនបើហ្វាំងឡង់និងស៊ុយអែត ហ៊ានបោះបង់ចោលនូវ គោលនយោបាយយូរអង្វែងរបស់ពួកគេ ស្តីពីជំហរមិនចូលបក្សសម្ព័ន្ធយោធា។ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Niinisto បានអះអាងថា ការដែលហ្វាំងឡង់ចូល NATO គឺមិនមែនដើម្បីប្រឆាំងនឹងប្រទេសណាមួយនោះទេ៕