(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានរាយការណ៍ថាមនុស្សម្នាក់បានស្លាប់ដោយសារមេរោគ COVID-19 អូមីក្រុង ដែល នេះជាការទទួលស្គាល់ករណីស្លាប់ដំបូងបំផុត ចាប់តាំងពីជំងឺឆ្លងមួយនេះផ្ទុះឡើងមក ខណៈមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺជាមួយរោគសញ្ញា គ្រុនក្ដៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

បើតាម KCNA មនុស្សជិត ៣៥០,០០០នាក់មានរោគសញ្ញាគ្រុនក្ដៅ ក្នុងនោះមាន ១៨,០០០នាក់ទើបចេញរោគសញ្ញាគ្រុនក្ដៅ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ស្របពេលមនុស្សចំនួន ១៨៧,៨០០នាក់ ត្រូវបានធ្វើចត្តាឡីស័ក។ KCNA បន្ថែមទៀតថា មនុស្ស ១៦២,២០០នាក់បានទទួលការព្យាបាល តែមិនបានបញ្ជាក់ថាតើមានមនុស្សប៉ុន្មាននាក់ដែលឆ្លង COVID-19 នោះទេ។

បន្ថែមពីលើនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះក៏បានឱ្យដឹងដែរថាយ៉ាងហោចមានមនុស្ស ៦នាក់ ដែលមានរោគសញ្ញាគ្រុនក្ដៅបានស្លាប់ តែ ក្នុងចំណោមពួកគេ មានតែម្នាក់ប៉ុណ្ណោះត្រូវបានទទួលស្គាល់ថាស្លាប់ដោយសារមេរោគអូមីក្រុង។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់កូរ៉េខាងជើង ដើម្បី ត្រួតពិនិត្យស្ថានភាព និងបានបញ្ជាឱ្យដាក់ចេញវិធានការបិទខ្ទប់ប្រទេសទាំងស្រុង បន្ទាប់ពីទទួលស្គាល់ករណីឆ្លងដំបូងនៃ COVID-19 នៅក្នុងប្រទេស៕