(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី ជេន សាគី (Jen Psaki) បាននិយាយថាកូរ៉េខាងជើងកំពុងត្រៀមខ្លួន ហើយអាចនឹងធ្វើតេស្ដ អាវុធនុយក្លេអ៊ែរឡើងវិញ នៅមុន ឬកំលុង លោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ីនៅចុងខែឧសភានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

លោកស្រី ជេន សាគី ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្នីសីទសារព័ត៌មានខ្លីមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងបន្ទាប់ពី យោធាកូរ៉េខាងត្បូងអះអាងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន៣គ្រាប់ ធ្លាក់ចូលក្នុងតំបន់សមុទ្រជប៉ុន ហើយនេះគឺជា ការធ្វើតេស្ដមីស៊ីលលើកទី១៦ នៅក្នុងឆ្នាំ២០២២នេះ។ ប៉ុន្តែ កូរ៉េខាងជើងមិនធ្លាប់បានធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើយ ចាប់តាំងពីឆ្នាំ២០១៧មក។

លោកស្រី ជេន សាគី បន្ថែមថាសហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកនូវរាល់សកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង ជាមួយការបញ្ជាក់ថាលោក បៃដិន នឹងត្រូវបំពេញទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភាខាងមុខនេះ។

គួរបញ្ជាក់ថា បើតាមលោកស្រី ជេន សាគី, លោក ចូ បៃដិន ក៏កំពុងពិចារណាផងដែរពីការបំពេញទស្សនកិច្ច ទៅកាន់តំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ កំលុងបំពេញទស្សនកិច្ចរបស់លោកនៅកូរ៉េខាងត្បូង។ ប៉ុន្តែ មកទល់នឹងពេលនេះមិនទាន់មានការសម្រេចចិត្តចុងក្រោយនោះទេ៕