(បែរឡាំង)៖ ប្រធានគោលនយោបាយសហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល (Josep Borrell) នៅថ្ងៃសុក្រនេះបានប្រកាសឱ្យដឹងថា ប្លុករបស់លោក នឹងផ្តល់ជំនួយផ្នែកយោធាគិតជាទឹកប្រាក់សរុបទំហំ ៥០០លានអឺរ៉ូប (ជិត៥២០លានដុល្លារអាមេរិក) ន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ដោយលោកមានទំនុកចិត្តថា កិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេច ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីអនុម័តលើការហាមឃាត់ការនាំចូលប្រេងរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

លោក Borrell បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ដែលប្រារព្ធឡើងនៅភាគខាងជើងប្រទេសអាល្លឺម៉ង់ ថា កញ្ចប់ជំនួយផ្នែកយោធាខាងលើ នឹងផ្ដល់ដល់ប្រទេសអ៊ុយក្រែននូវ អាវុធធន់ធ្ងន់ដូចជា រថក្រោះ និងកាំភ្លើងធំជាដើម។

លោក Borrell បាននិយាយថា «កម្លាំងរុញច្រានថ្មីមួយសម្រាប់ការគាំទ្រផ្នែកយោធា នឹងដាក់សម្ពាធបន្ថែមទៀត លើប្រទេសរុស្ស៊ីជាមួយនឹង ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច, ការបន្តធ្វើឱ្យប្រទេសរុស្ស៉ីស្ថិតនៅក្នុងភាពឯកោពីអន្តរជាតិ និងការប្រឆាំងនឹងព័ត៌មានមិនពិត»។ លោក Borrell ក៏មានសុទិដ្ឋិនិយមផងដែរ ចំពោះការហាមឃាត់ការនាំចូលប្រេងរបស់រុស្ស៉ី ដែលអាចនឹងត្រូវបានអនុម័ត នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

លោក Borrell បានបន្ថែមថា «ខ្ញុំប្រាកដថា យើងនឹងមានកិច្ចព្រមព្រៀងមួយ។ យើងត្រូវការវា ហើយយើងនឹងមានវា។ យើងត្រូវបញ្ឈប់ការពឹងផ្អែកលើប្រេងរុស្ស៉ី។ ប្រសិនបើមិនមានការព្រមព្រៀងគ្នា នៅក្នុងកម្រិតឯកអគ្គរដ្ឋទូតទេនោះ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ក្រុមរដ្ឋមន្ត្រី ត្រូវតែផ្តល់កម្លាំងរុញច្រានផ្នែកនយោបាយ នៅពេលពួកគេជួបប្រជុំគ្នា»

គួរបញ្ជាក់ថា ចាប់តាំងពីទីក្រុងមូស្គូបានធ្វើការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មសរុប ចំនួន៥ជុំហើយ ប្រឆាំងនឹងប្រទេសរុស្ស៉ី ខណៈគម្រោងកញ្ចប់ទណ្ឌកម្មបច្ចុប្បន្នទី៦ គឺអឺរ៉ុបមានបំណងចង់មានការមូលមតិ គ្នា ដើម្បីដាក់ទណ្ឌកម្មលើវិស័យថាមពលរុស្ស៉ីតែម្តង៕