(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,២២៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ៤៩៥ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន ១២៣ករណី និងខេត្ត Phú Thọ ១២០ករណី។

ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃសុក្រនះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីនោះទេ។

សរុបមកវិញ គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៩៣,១៤១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣៤៤,០២៩នាក់ និងស្លាប់សរុបចំនួន ៤៣,០៦៣នាក់៕