(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីករណីមនុស្សបាត់បង់ជីវិត ដោយសារជំងឺ COVID-19 ចំនួន២១នាក់បន្ថែមទៀត ខណៈរាប់សិបម៉ឺននាក់ មានអាការៈគ្រុនក្តៅ ហើយប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន បានលើកឡើងថា ប្រទេសលោកកំពុងតែប្រឈមភាពវឹកវរយ៉ាងធ្ងន់ធ្ងរ ព្រោះតែការរីករាលដាលនៃជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២។

តួលេខបន្ថែមខាងលើ ត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បន្ទាប់ពីលោក គីម បានបើកកិច្ចប្រជុំមួយកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។ នាឱកាសនោះលោក គីម បានថ្លែងថា ការរាតត្បាតនៃជំងឺ COVID-19 ដ៏កាចសាហាវ កំពុងជាភាពវឹកវរធ្ងន់ធ្ងរបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តកូរ៉េខាងជើង។

យោងតាម KCNA មនុស្សសរុបចំនួន ៥២៤,៤៤០នាក់ នៅកូរ៉េខាងជើង បានបង្ហាញរោគសញ្ញាគ្រុនក្តៅ កាលពីចន្លោះចុងខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា។ ក្នុងចំណោមពួកគេ មនុស្សចំនួន២៤៣,៦៣០នាក់ បានជាសះស្បើយឡើងវិញហើយ។

គួរបញ្ជាក់ថា កូរ៉េខាងជើង ទើបតែបានប្រកាសពីការឆ្លងរាតត្បាតលើកដំបូងបំផុតនៃ COVID-19 នៅក្នុងប្រទេសខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និងបានរាយការណ៍ករណីស្លាប់ដំបូងចំនួន១នាក់ កាលពីថ្ងៃសុក្រ៕