(យូអិន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ចិនបានចេញមុខទទូចដល់បណ្តាប្រទេសទាំងឡាយ ដែលនៅរក្សាទុកអាវុធប្រល័យលោក រួមមានទាំងអាវុធជីវសាស្រ្តនិងអាវុធគីមី ឱ្យកម្ទេចអាវុធទាំងនេះចោលឱ្យបានឆាប់ តាមតែអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២។

កំលុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ខណៈប្រធានបទស្តីពីមន្ទីរពិសោធជីវសាស្រ្តនៅអ៊ុយក្រែន ត្រូវបានលើកយកមកពិភាក្សា លោក តៃ ពីង (Dai Bing) ភារធារីនៃបេសកកម្មអចិន្រ្តៃយ៍ចិនប្រចាំនៅ UN បានលើកឡើងដូច្នេះថា «យើងគាំទ្រដល់ការហាមឃាត់យ៉ាងពេញលេញ និងការកម្ទេចចោលដោយហ្មត់ចត់ នូវអាវុធប្រល័យលោកទាំងអស់ រួមមានទាំង អាវុធជីវសាស្រ្តនិងអាវុធគីមី»។

លោក Dai បានបន្តថា «យើងជំទាស់យ៉ាងម៉ឹងម៉ាត់ចំពោះ ការអភិវឌ្ឍ ការរក្សាទុក និងការប្រើប្រាស់អាវុធជីវសាស្រ្ត និងអាវុធគីមី ដោយប្រទេសនានា មិនថានៅក្រោមកាលៈទេសៈបែបណានោះឡើយ ហើយទទូចឱ្យប្រទេសទាំងឡាយ ដែលនៅមិនទាន់កម្ទេច អាវុធជីវសាស្រ្ត និងអាវុធគីមីរបស់ពួកគេចោលទេនោះ ត្រូវធ្វើយ៉ាងដូច្នោះឱ្យបានឆាប់តាមតែអាចទៅរួច។ ព័ត៌មានពាក់ព័ន្ធទៅនឹង ដាននៃសកម្មភាពយោធាជីវសាស្រ្ត គួរតែជាក្តីបារម្ភយ៉ាងធំមួយ សម្រាប់សហគមន៍អន្តរជាតិ»។

នៅក្នុងកិច្ចប្រជុំខាងលើ រុស្ស៉ីបាននិយាយថា ខ្លួនមានបំណងដាក់សំណើទៅកាន់ UNSC ដើម្បីគាំទ្រឱ្យមានការស៉ើបអង្កេតមួយជុំវិញ សកម្មភាពយោធាជីវសាស្រ្ត នៅក្នុងប្រទេសអ៊ុយក្រែន។ កន្លងមកនេះ ទីក្រុងមូស្គូបានចោទប្រកាន់ថា សហរដ្ឋអាមេរិកបានលូចធ្វើ ប្រតិបត្តិការមន្ទីរពិសោធជីវសាស្រ្តនៅអ៊ុយក្រែន ក្នុងគោលដៅបម្រើដល់វិស័យយោធា។ ប៉ុន្តែទីក្រុងវ៉ាស៉ីនតោនបានបដិសេធចំពោះ ការចោទប្រកាន់នេះ ដោយថាខ្លួនមិនមែនជាម្ចាស់ ឬធ្វើប្រតិបត្តិការមន្ទីរពិសោធគីមី ឬមន្ទីរពិសោធជីវសាស្រ្តណាមួយ នៅអ៊ុយក្រែនឡើយ។

គួរបញ្ជាក់ថា វាគឺជាលើកទី៣ហើយ ដែលរុស្ស៉ីបានរៀបចំកិច្ចប្រជុំបើកចំហ ស្តីពីបញ្ហាសន្តិសុខផ្នែកជីវសាស្រ្ត នៅឯ UNSC គិតតាំងពីវិបត្តិសង្រ្គាមអ៊ុយក្រែន-រុស្ស៉ី បានចាប់ផ្តើម៕