(ប៉េកាំង)៖ កាលពីពេលកន្លងទៅនេះ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានប្រកាសពីការដំឡើងអត្រាការប្រាក់ ០.៥ ភាគរយ ហើយនឹងចាប់ផ្តើមកាត់បន្ថយតារាងតុល្យការរបស់ខ្លួន ក្នុងខែមិថុនាខាងមុខនេះ ក្នុងគោលបំណងឆ្លើយតបនឹងអតិផរណា ដែលបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំ កន្លងទៅតាមរយៈគោលនយោបាយបន្តឹងរូបិយវត្ថុជ្រុល។ ប្រការនេះបានបង្កឱ្យសហគមន៍អន្តរជាតិ មានការព្រួយបារម្ភជាទូទៅ ហើយសេដ្ឋកិច្ចសកលនិងទីផ្សារហិរញ្ញវត្ថុ នឹងប្រឈមនឹងការវាយប្រហារម្តងទៀត។

មិនថាអត្រាការប្រាក់សូន្យនិងគោលនយោបាយ QE បានបណ្តាលឱ្យតម្លៃទំនិញឡើងថ្លៃយ៉ាងខ្លាំងកាលពីមុន ឬក៏បច្ចុប្បន្នគោលនយោបាយរូបិយវត្ថុតឹងរ៉ឹងក៏ដោយ ក៏សហរដ្ឋអាមេរិកសុទ្ធតែបាន បង្វែរវិបត្តិទៅកាន់ពិភពលោក តាមរយៈអនុត្តរភាពប្រាក់ដុល្លាររបស់ខ្លួន។ ប្រការទាំងនេះបានបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់ អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីលើពិភពលោក ដែលកំពុងខិតខំសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីបញ្ចប់ជំងឺកូវីដ១៩។

អ្វីដែលគួរឱ្យប្រុងប្រយ័ត្ននោះគឺ មួយផ្នែក ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានដំឡើងអត្រាការប្រាក់ដើម្បីលើកកម្ពស់ កម្លាំងទាក់ទាញនៃទ្រព្យសម្បតិ្តជាប្រាក់ដុល្លារអាមេរិក ដែលបានបន្ថែមហានិភ័យក្នុងការហូរទៅកាន់ក្រៅប្រទេស នៃមូលធនទីផ្សារងើបឡើងថ្មីនិងការចុះថ្លៃនៃរូបិយវត្ថុ ក៏ដូចជាបង្កឱ្យការកើនឡើងយ៉ាងខ្លាំង នៃហានិភ័យខាងប្រាក់បំណុលនៅ ប្រទេសជាច្រើនផងដែរ។ មួយផ្នែកទៀត ការចុះថ្លៃនៃរូបិយវត្ថុផ្សេងទៀត ដែលបណ្តាលមកពីការឡើងថ្លៃនៃប្រាក់ដុល្លារ ក៏នឹងកម្សោយសមត្ថភាពទិញទំនិញ របស់ប្រជាជននៃប្រទេសដទៃទៀត និងបំផ្លាញដំណើរការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់អង្គភាពសេដ្ឋកិច្ច កំពុងអភិវឌ្ឍន៍ដែលបាននិងកំពុងប្រឈមនឹងភាពលំបាកលំបិន។

តាមការពិត បន្ទាប់ពីបានបង្កើតជាអនុត្តរភាពប្រាក់ដុល្លារ «ឧបាយកលចាស់» ដែលប៉ុនប៉ងឆក់យកទ្រព្យសម្បត្តិពិភពលោកទាំងមូលនេះ សហរដ្ឋអាមេរិកបានលេងជាច្រើនលើកហើយ ពោលគឺ ខណៈពេលដែលសហរដ្ឋអាមេរិកបានអនុវត្តគោលនយោបាយ QE ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានបញ្ចុះអត្រាការប្រាក់ធ្វើឱ្យទីផ្សារងើបឡើងថ្មី ខ្ចីឥណទានប្រាក់ដុល្លារជាច្រើន មើលទៅ ការនេះបានបណ្តាលឱ្យ សេដ្ឋកិច្ចវិវឌ្ឍរីកចម្រើនទៅមុខ ហើយបានបង្កើតឡើងនូវពពុះទ្រព្យសម្បតិ្តក្នុងកម្រិតទីទៃគ្នា។ ល្គឹកណាដែលប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានដំឡើងអត្រាការប្រាក់ នោះមូលធនដ៏ច្រើនសន្ធឹករបស់ប្រទេសទីផ្សារងើបឡើងថ្មី ក៏បានហូរទៅខាងក្រៅដែលបណ្តាលឱ្យអត្រាប្តូរប្រាក់ មានការផ្លាស់ប្តូរយ៉ាងខ្លាំង និងពពុះរហែករហុយ រហូតដល់បានបណ្តាលឱ្យកើតមានវិបត្តិផ្នែករូបិយវត្ថុនិងហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក ដរាបណាដែលសេដ្ឋកិច្ចអាមេរិក បានធ្លាក់ក្នុងភាពថមថយចុះ នោះ វាក៏មុខជានឹងនាំមកនូវហានិភ័យរីករាលដាលយ៉ាងខ្លាំងដែរ។ នេះគឺជាហានិភ័យដែលពិភពលោកទាំងមូល ត្រូវបង្ការគ្រប់ពេលវេលា។

ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះ គឺខណៈពេលដែលសេដ្ឋកិច្ចអាមេរិក បានធ្លាក់ចូលក្នុងសភាពទាល់ច្រក អ្នកនយោបាយនៃទីក្រុងវ៉ាស៊ីនតោនមួយចំនួន មិនបានគិតពិចារណាពីការធ្វេសប្រហែស នឹងទំនួលខុសត្រូវរបស់ពួកគេ ក្នុងការឆ្លើយតបនឹងវិបត្តិនោះទេ ប៉ុន្តែបែរជាបានលេងល្បែងចាស់ៗ នៃការទម្លាក់កំហុសដើម្បីបង្វែរទំនាស់ទៅខាងក្រៅ។ ទង្វើបែបនេះជាការមិនទទួលខុសត្រូវចំពោះប្រជាជនអាមេរិក ហើយក៏ជាការមិនទទួលខុសត្រូវចំពោះពិភពលោកផងដែរ។

អ្នកនយោបាយនៃទីក្រុងវ៉ាស៊ីនតោន ដែលចចេសអនុវត្តគំនិត «អាមេរិកជាអាទិភាព» ទាំងនោះ គួរតែបញ្ឈប់ការអនុវត្តដែលបំភាន់ភ្នែកអ្នកផង បង្វែរវិបត្តិទៅខាងក្រៅនិងទម្លាក់កំហុសតាមតែទំនើងចិត្ត ក៏ដូចជាអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដែលកាន់តែមានទំនួលខុសត្រូវ សូមដាស់តឿនពួកគេឱ្យអនុវត្តវិធានការណ៍ជាក់ស្តែង ដើម្បីជួយសេដ្ឋកិច្ចសកលឱ្យងើបឡើងវិញ ពីការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងពេលឆាប់ៗ៕