(សេអ៊ូល)៖ ទីភ្នាក់ងារទិញសព្វាវុធរបស់ប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះបានប្រកាសឱ្យដឹងថា រដ្ឋាភិបាលទីក្រុងសេអ៊ូល បានចុះកិច្ចព្រមព្រៀងតម្លៃ ១៧០ពាន់លានវ៉ុន (ជិត១៣៣លានដុល្លារអាមេរិក) ជាមួយក្រុមហ៊ុនអាមេរិក ប៊ែល ថិចត្រុន (Bell Textron) ដើម្បីទិញឧទ្ធម្ភាគចក្រហ្វឹកហ្វឺនប្រមាណ ៤០គ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២។

ទីភ្នាក់ងារ DAPA នៃក្រសួងការពារជាតិកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងខាងលើជាមួយក្រុមហ៊ុន Bell កាលពីថ្ងៃទី៦ ខែឧសភា ដើម្បីទិញឧទ្ធម្ភាគចក្រ Bell 505 រួមជាមួយម៉ាស៉ីន simulator ចំនួន៨គ្រឿង ដើម្បីយកទៅបង្វឹកក្រុមអាកាសយានិក នៃកងទ័ពជើងគោក និងកងទ័ពជើងទឹក។ សម្រាប់ម៉ាស៉ីន simulator ទាំងនោះ នឹងត្រូវផលិតដោយក្រុមហ៊ុនមួយ នៅកូរ៉េខាងត្បូងផ្ទាល់។

គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង មានផែនការចាប់ផ្តើមដាក់ពង្រាយឧទ្ធម្ភាគចក្រទាំងនោះ នៅក្នុងកងកម្លាំងទ័ពជើងគោក និងកងកម្លាំងទ័ពជើងទឹក នៅឆ្នាំ២០២៣៕