(ហែលស៉ិនគី)៖ ប្រធានព្រឹទ្ធសភាអាមេរិកសំឡេងភាគតិច មកពីគណបក្សសាធារណរដ្ឋ លោក មីត ម៉ាកខននែល (Mitch McConnell) បាននិយាយថា សភាអាមេរិកអាចនឹងផ្ដល់សច្ចាប័នលើពាក្យសុំចូលជាសមាជិក NATO របស់ប្រទេសហ្វាំងឡង់ នៅមុនខែសីហាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២។

លោក McConnell ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនីស្ដូ (Sauli Niinisto) ក្នុងទីក្រុងហែលស៉ិនស្គី។ លោក McConnell បានបញ្ជាក់ដូច្នេះថា «ជាការពិតណាស់, យើងសង្ឃឹមថាអាចនឹងសម្រេច កិច្ចការនេះ នៅមុនខែសីហាខាងមុខ ពោលគឺមុនវិស្សមកាលរបស់សភាជាតិ»

គួរបញ្ជាក់ថា លោក Sauli Niinisto កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានទទួលស្គាល់ជាផ្លូវការថាហ្វាំងឡង់នឹងដាក់ពាក្យសុំចូល NATO បើទោះជា មានការព្រមានពីផលវិបាកធ្ងន់ធ្ងរពីសំណាក់រុស្ស៉ីក៏ដោយ ដែលនេះគឺជាការកែប្រែគោលនយោបាយជាប្រវត្តិសាស្ត្ររបស់ហ្វាំងឡង់ ដែលធ្លាប់តែប្រកាន់ភ្ជាប់ នយោបាយអព្យាក្រឹតរាប់ទសវត្សរ៍មកនេះ។ កាណាដា និងចក្រភពអង់គ្លេស រួមទាំងសមាជិក NATO ដទៃទៀតក៏បានសន្យាដែរថាពួកគេនឹងជួយជំរុញ ការផ្ដល់សច្ចាប័នលើពាក្យសុំចូល NATO ឱ្យបានឆាប់រហ័សរបស់ហ្វាំងឡង់ និងស៊ុយអែត៕