(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានធ្វើដំណើរទៅប្រទសអារ៉ាប់រួម (UAE) ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះអង្គម្ចាស់ Sheikh Khalifa ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២។

គណៈប្រតិភូជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដឹកនាំដោយអនុប្រធានាធិបតី លោក Kamala Harris បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួមកាលពីថ្ងៃចន្ទ ដើម្បីគោរពវិញ្ញាណក្ខន្ធមេដឹកនាំសហព័ន្ធ និងជួបជាមួយប្រធានាធិបតីថ្មី នៃប្រទេសអារ៉ាប់មួយនេះ។

ដំណើរទស្សនកិច្ចនេះ ជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់មន្ត្រីរដ្ឋបាល លោក បៃដិន ទៅកាន់ទីក្រុង Abu Dhabi ដែលសម្បូរដោយប្រេងដែលមានបំណងជាការបង្ហាញពីការគាំទ្រដ៏ខ្លាំង។

គណៈប្រតិភូរួមមានទាំង រដ្ឋមន្ត្រីការបរទេស លោក Antony Blinken រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin នាយក CIA លោក William Burns និងបេសកជនអាកាសធាតុ លោក John Kerry ផងដែរ។

កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ឧត្តមក្រុមប្រឹក្សាសហព័ន្ធរបស់អេមីរ៉ាត់អារ៉ាប់រួម បានបោះឆ្នោតជ្រើសតាំង ព្រះអង្គម្ចាស់ ម៉ូហាំម៉ាដ ប៊ីន ហ្សៃយីដ អាល់ ណាយ៉ាន (Sheikh Mohammed bin Zayed al-Nahyan) ជាប្រធានាធិបតីថ្មី នៃប្រទេសអារ៉ាប់មួយនេះ។

គួរបញ្ជាក់ថា ការឡើងកាន់អំណាចរបស់ព្រះអង្គម្ចាស់ Mohammed កើតឡើង ចំពេលដែលទំនាក់ទំនងយូរអង្វែងរបស់ អេមីរ៉ាត់អារ៉ាប់រួម ជាមួយសហរដ្ឋអាមេរិក បានជួបភាពល្អក់កករ ដោយសារការហាក់ដកខ្លួនឃ្លាតឆ្ងាយ របស់ទីក្រុងវ៉ាស៉ីនតោន ពីក្តីបារម្ភផ្នែកសន្តិសុខរបស់បណ្តាសម្ព័ន្ធមិត្តអារ៉ាប់របស់ខ្លួន ហើយមួយទៀតនោះ គឺស្របពេលដែលក្រុមលោកខាងលិច កំពុងព្យាយាមស្វែងរកការគាំទ្រពីតំបន់មជ្ឈិមបូព៌ា ដើម្បីជួយដាក់សម្ពាធទៅលើរុស្ស៉ី ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន៕