(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិក នៅថ្ងៃចន្ទនេះបានឱ្យដឹងថាខ្លួនបានដឹកនាំការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងដោយជោគជ័យ ដោយវា ហោះក្នុងល្បឿនលឿនជាងសំឡេង ៥ដង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងទ័ពអាកាសអាមេរិកបានបញ្ជាក់ទៀតថាការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងខាងលើ ធ្វើឡើងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ នៅឯតំបន់ឆ្នេរភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ដោយបាញ់ចេញពីយន្ដហោះទម្លាក់គ្រាប់បែក B-52 ហើយមីស៊ីលនេះអាចហោះបាន ក្នុងល្បឿនលឿនជាងសំឡេង ៥ដង ប្រកបដោយជោគជ័យ។

គួរបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក, ចិន រុស្ស៉ី និងកូរ៉េខាងជើង ក៏ត្រូវបានគេរាយការណ៍ថាកំពុងអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ ហើយក្នុងនោះរុស្ស៉ី គឺជាប្រទេសតែមួយគត់ដែលបានប្រើប្រាស់មីស៊ីលប្រភេទនេះនៅក្នុងសមរភូមិជាក់ស្ដែង នៃសង្រ្គាមអ៊ុយក្រែន៕