(មូស្គូ)៖ អគ្គនាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានទទួលស្គាល់នៅថ្ងៃអង្គារនេះថាទាហានរបស់ខ្លួនដែលកំពុងជាប់គាំងនៅក្នុងរោងចក្រស្ល ដែក អាហ្សូវស្ទល (Azovstal) នៃទីក្រុងម៉ារីយូប៉ូល (Mariupol) ទទួលបានបទបញ្ជាឱ្យទម្លាក់អាវុធចុះចាញ់ហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើគណនី Facebook របស់ខ្លួន អគ្គនាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រើពាក្យបញ្ចប់បេសកកម្មប្រយុទ្ធ ជំនួស ឱ្យពាក្យទម្លាក់អាវុធចុះចាញ់។ សារដដែលបានបញ្ជាក់ដូច្នេះថា «យោធាភូមិភាគម៉ារីយូប៉ូលបានបញ្ចប់បេសកកម្មប្រយុទ្ធរបស់ខ្លួន... ដូច្នេះទីបញ្ជាការយោធា កំពូលបានបញ្ជាឱ្យមេបញ្ជាការនៃកងអង្គភាពដែលកំពុងឈរជើងការពាររោងចក្រ Azovstal សង្រ្គោះជីវិតទាហានទាំងអស់។ ទាហានការពារម៉ារីយូប៉ូល គឺជាវីរបុរសរបស់ពួកយើង»

គួរបញ្ជាក់ថា បើតា មក្រសួងការពារជាតិអ៊ុយក្រែន, ទាហានរងរបួសអ៊ុយក្រែន ៥៣នាក់ ត្រូវបានជម្លៀសចេញពីរោចក្រ Azovstal នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោមកិច្ចព្រមព្រៀងមួយជាមួយរុស្ស៉ី ទៅកាន់មន្ទីរពេទ្យនៃទីក្រុងណូវ៉ូអាហ្សូវ (Novoazovsk) គ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួនគាំទ្រដោយមូស្គូ ខណៈទាហាន ២១១ ត្រូវបានជម្លៀសចេញតាមរយៈច្រកផ្លូវមនុស្សធម៌ទៅកាន់ទីក្រុង អូឡេនីវកា (Olenivka)។ ប៉ុន្តែ មិនមានការបញ្ជាក់លម្អិតថាតើមានទាហានអ៊ុយក្រែន ប៉ុន្មាននាក់ទៀតដែលកំពុងជាប់នៅក្នុងរោងចក្រស្លដែកនេះនៅឡើយទេ ស្របពេលប្រតិបត្តិការជម្លៀសនៅតែបន្តធ្វើឡើង៕