(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅថ្ងៃអង្គារនេះ បានប្រកាសតែងតាំង លោក ឆូ តែយ៉ុង (Cho Tae-yong) ដែលជាអតីតអនុរដ្ឋមន្រ្តីការបរទេស ឱ្យកាន់តែតំណែងជា ឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងត្បូងប្រចាំនៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Korea Times នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

ក្នុងនាមជាអ្នកការទូតអាជីព លោក Cho ធ្លាប់បានកាន់តួនាទីជា ប្រមុខបេសកជនរបស់កូរ៉េខាងត្បូង ទទួលបន្ទុកបញ្ហាកូរ៉េខាងជើង និងជាអនុប្រធាននៃក្រុមប្រឹក្សាសន្តិសុខជាតិ នៃការិយាល័យប្រធានាធិបតី។ ជាមួយគ្នានេះ លោក Cho បានចូលបម្រើការនៅក្នុង ក្រសួងការបរទេសកូរ៉េខាងត្បូង កាលពីឆ្នាំ១៩៨០ ហើយលោកក៏ធ្លាប់កាន់តួនាទីជាច្រើនផ្សេងទៀតផងដែរ រួមមានទាំងតំណែង អគ្គនាយកនៃ ការិយាល័យកិច្ចការតំបន់អាមេរិកខាងជើងផងដែរ។

គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងបច្ចុប្បន្ន ដែលលោក Cho នឹងត្រូវឡើងជំនួសគឺ លោក លី សូយុគ (Lee Soo-hyuck) ដែលត្រូវបានតែងតាំងដោយ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន៕