(ប៉េកាំង)៖ ពេលកន្លងទៅថ្មីៗនេះ សំដៅចំពោះការដែលសហរដ្ឋអាមេរិកថ្លែងថា គ្មានផែនការអញ្ជើញមេដឹកនាំរបស់គុយបា នីការ៉ាហ្កានិងវ៉េណេស៊ុយអេឡាទៅចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសទ្វីបអាមេរិក ដែលនឹងធ្វើឡើងនៅក្រុង Los Angeles នៃសហរដ្ឋអាមេរិកនៅខែមិថុនាខាងមុខនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា កិច្ចប្រជុំកំពូលរបស់ប្រទេសទ្វីបអាមេរិកមិនត្រូវគ្រាន់តែប្រើប្រាស់ «ស្តង់ដារអាមេរិក» មិនត្រូវគ្រាន់តែបម្រើ «ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អាមេរិក» ក៏ដូចជាមិនត្រូវក្លាយជា «កិច្ចប្រជុំកំពូលរបស់អាមេរិក» ផងដែរ ។ សហរដ្ឋអាមេរិកធ្លាប់ជ្រោងទង់ «ម៉ុងរ៉ូនិយម» ដើម្បីចាត់ទុកតំបន់អាមេរិកឡាទីនជា «សួនផ្កានៅខាងក្រោយផ្ទះ» របស់ខ្លួនជាយូរ។

កាលពីឆ្នាំ១៨២៣ លោក James Monroe ប្រធានាធិបតីអាមេរិកកាលនោះបានចេញផ្សាយ «សេចក្តីប្រកាសម៉ុងរ៉ូ» ដោយបានប្រកាសថា «ទ្វីបអាមេរិកជាទ្វីបអាមេរិករបស់ប្រជាជនទ្វីបអាមេរិក» មិនអនុញ្ញាតឱ្យអឺរ៉ុបមកជ្រៀតជ្រែកនោះទេ។ បន្ទាប់មក «ម៉ុងរ៉ូនិយម» ដែលប្រសូតឡើងដោយ «សេចក្តីប្រកាសម៉ុងរ៉ូ» បានផ្តល់ទីសំអាងផ្នែកទ្រឹស្តី ដល់សហរដ្ឋអាមេរិកក្នុងការដណ្តើមយក អនុត្តរភាពនៅអឌ្ឍគោលខាងលិចនៃផែនដី ពោលគឺសហរដ្ឋអាមេរិកយកអ្វីដែលហៅថា «ការពារប្រទេសអាមេរិកឡាទីន» ធ្វើជាលេស ដើម្បីធ្វើឱ្យតំបន់អាមេរិកឡាទីនក្លាយជា «ក្របខណ្ឌអំណាច» របស់ខ្លួន ។

ក្នុងរយៈពេល២០០ឆ្នាំកន្លងទៅ ពីការឆក់យកដីធ្លីរបស់ប្រទេសអាមេរិកឡាទីនមកអភិវឌ្ឍប្រទេសខ្លួន ដល់ការគ្រប់គ្រងខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រទេសការាបៀន តាមរយៈក្រុមហ៊ុនឆ្លងដែន រហូតដល់ការធ្វើឱ្យប្រទេសអាមេរិកឡាទីន និងប្រទេសការាបៀនក្លាយជារដ្ឋចំណុះរបស់ខ្លួន តាមរយៈមធ្យោបាយដូចជាការជ្រៀតជ្រែកដោយកម្លាំងអាវុធជាដើម សហរដ្ឋអាមេរិកបានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើន នៅតំបន់អាមេរិកឡាទីននិងប្រទេសការាបៀន។

សហរដ្ឋអាមេរិកបានកាន់កាប់ប្រទេសដូមីនីកា ដោយប្រើកម្លាំងអាវុធក្នុងអំឡុងពេលពីឆ្នាំ១៩១៦ ដល់ឆ្នាំ១៩២៤។ កាលពីខែមេសាឆ្នាំ១៩៦៥ ទាហានស្នេហាជាតិរបស់សាធារណៈរដ្ឋដូមីនីកា បានបំផុសការបះបោរ ដែលបានផ្តួលរំលំរដ្ឋាភិបាល Cabral ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ដូច្នេះ សហរដ្ឋអាមេរិកបានចាត់បញ្ជូនបុគ្គលិកប្រដាប់អាវុធ ប្រហែល៤ម៉ឺននាក់ទៅធ្វើការជ្រៀតជ្រែក។ កាលពីឆ្នាំ១៩១៥ ឆ្លៀតឱកាសដែលហៃទីកើតចលាចល សហរដ្ឋអាមេរិកបានកាន់កាប់ហៃទីដោយយក «ការការពារជនជាតិអាមេរិកនៅហៃទី» ធ្វើជាលេស ហើយរហូតដល់ឆ្នាំ១៩៣៤ទើបដកកងទ័ពចេញពីហៃទី។ កាលពីឆ្នាំ១៩០៣ សហរដ្ឋអាមេរិកបានបង្ខំឱ្យជួល កំពង់ផែដ៏ល្អប្រសើរនៅក្រុង Guantanamo របស់គុយបា ធ្វើឱ្យកន្លែងនោះក្លាយជា មូលដ្ឋានយោធានៅបរទេសទីមួយរបស់សហរដ្ឋអាមេរិក ហើយគិតមកទល់បច្ចុប្បន្ននេះ នៅមិនទាន់ប្រគល់ឱ្យគុយបាវិញនៅឡើយទេ។ កាលពីឆ្នាំ១៩៦៤ សហរដ្ឋអាមេរិកបានគាំទ្រទាហានប្រេស៊ីលធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក Goulart។ល។

ប៉ុន្មានឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកចាប់ផ្តើមអនុវត្ត «ម៉ុងរ៉ូនិយមថ្មី» ដើម្បីបង្កើនកម្លាំងជ្រៀតជ្រែក និងគ្រប់គ្រងតំបន់អាមេរិកឡាទីនឥតឈប់ឈរ តាមរយៈវិធីដូចជាប្រើប្រាស់ការដាក់ទណ្ឌកម្ម និងដាក់កម្លាំងសម្ពាធដោយខុសច្បាប់ជាដើម។ ពីការអនុវត្តការដាក់ទណ្ឌកម្មតាមតែទំនើងចិត្ត ដល់ការឃុបឃិតគ្នាដើម្បីបង្កើតជាក្រុមសម័្ពន្ធតូចគ្រប់បែបយ៉ាង ក្នុងន័យគាំពារអនុត្តរភាពសកលរបស់ខ្លួន។

ប៉ុន្តែអនុត្តរភាពរបស់អាមេរិកបាននាំឱ្យមានការប្រឆាំងយ៉ាងទូលំទូលាយ ពីសំណាក់ប្រទេសអាមេរិកឡាទីននិងសហគមន៍អន្តរជាតិ ។ ឆ្នាំនេះគឺសហរដ្ឋអាមេរិករៀបចំធ្វើកិច្ចប្រជុំកំពូលទ្វីបអាមេរិកម្តងទៀត បន្ទាប់ពីរំលងអស់រយៈពេលជិត៣០ឆ្នាំ។ ដូច្នេះ កិច្ចប្រជុំកំពូលលើកនេះត្រូវគេចាត់ទុកថា ជាឱកាសសម្រាប់ឱ្យរដ្ឋាភិបាលលោក Biden អធិប្បាយអំពីគោលនយោបាយ ចំពោះប្រទេសអាមេរិកឡាទីន ប៉ុន្តែមេដឹកនាំរបស់ប្រទេសម៉ិកស៊ិក និងប្រទេសការាបៀនមួយចំនួនបានបង្ហាញថា ប្រសិនបើរដ្ឋាភិបាលលោក Biden ច្រានចោលប្រទេសគុយបា នីការ៉ាហ្កានិងវ៉េណេស៊ុយអេឡាចេញពី កិច្ចប្រជុំកំពូលទ្វីបអាមេរិក នោះ ពួកគេក៏មិនចូលរួមដែរ។

អ្វីដែលហៅថា «ទ្វីបអាមេរិកជាទ្វីបអាមេរិករបស់ប្រជាជនទ្វីបអាមេរិក» គ្រាន់តែដើម្បីលាក់បាំងមហិច្ឆតារបស់សហរដ្ឋអាមេរិក ដែលប៉ុនប៉ងអនុវត្តអនុត្តរភាពនៅទ្វីបអាមេរិក និងចាត់ទុកតំបន់អាមេរិកឡាទីនជា «សួនផ្កានៅខាងក្រោយផ្ទះ» របស់ខ្លួន។ ប៉ុន្តែ «ម៉ុងរ៉ូនិយមថ្មី» មុខជានឹងមិនបានការនៅទ្វីបអាមេរិកនោះទេ ហើយទ្វីបអាមេរិកក៏មុខជានឹងក្លាយជា ទ្វីបអាមេរិករបស់ប្រជាជនទ្វីបអាមេរិក យ៉ាងពិតប្រាកដជាមិនខាន៕