(ញូដេលី)៖ ប្ដីប្រពន្ធមួយគូនៅប្រទេសឥណ្ឌា បានប្ដឹងកូនប្រុស និងកូនប្រសាស្រី សម្រាប់ការមិនផ្ដល់កំណើតចៅៗឱ្យពួកគេ ក្រោយរៀបការអស់រយៈពេល ៦ឆ្នាំ ទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

ប្ដីប្រពន្ធមួយគូនោះឈ្មោះ សាដហាណា ប្រាសាដ (Sadhana Prasad) និង សានជីវ ប្រាសាដ (Sanjeev Prasad) ដែលរស់នៅក្នុងទីក្រុងហារីដ្វារ (Haridwar) ដែលស្ថិតរដ្ឋអ៊ូតតារ៉ាខាន់ (Uttarakhand) ភាគខាងជើងនៃប្រទេសឥណ្ឌា បានដាក់ពាក្យបណ្ដឹងក្នុងខែឧសភានេះ ដោយទាមទារសំណងចំនួន ៥០លានរូពី (ប្រហែល ៦៤៣,០០០ដុល្លា) ពីកូនប្រុសអាយុ ៣៥ឆ្នាំ និងកូនប្រសារស្រីអាយុ ៣១ឆ្នាំរបស់ពួកគេ។

នៅក្នុងពាក្យបណ្ដឹងប្តីប្រពន្ធខាងលើ បានអះអាងថា «ពួកគេបានចំណាយប្រាក់ខ្ទង់ ២០លានរូពី (ប្រហែល ២៥៧,០០០ដុល្លារ) ដើម្បីចិញ្ចឹមកូនប្រុស ដែលជាកូនទោលក្នុងគ្រួសារ»។ មេធាវីរបស់អ្នកទាំងពីរ បាននិយាយថា «ពួកគេបានចិញ្ចឹមបីបាច់, ផ្តល់ការអប់រំ, ជួយបំពាក់បំប៉នឱ្យមានសមត្ថភាព និងធ្វើឱ្យកូនប្រុសពួកគាត់ក្លាយជាអ្នកបើកយន្តហោះថែមទៀត ដែលត្រូវចំណាយលុយកាក់អស់ជាច្រើន។ ពួកគេឃើញ អ្នកនៅជិតខាងរបស់ខ្លួនលេងជាមួយចៅៗ ហើយមានអារម្មណ៍ថា ពួកគេក៏គួរមានចៅយ៉ាងហោចម្នាក់នឹងគេដែរ»

មេធាវីដដែលបានបន្ថែមថា «ពួកគេមិនមែនរៀបការឱ្យកូនប្រុស និងកូនប្រសាស្រីដើម្បីឱ្យពួកគេរស់នៅតែម្នាក់ឯងនោះទេ... ដូច្នេះពួកគេថានៅឆ្នាំក្រោយ គឺត្រូវផ្ដល់កំណើតចៅៗឱ្យពួកគេ ឬផ្តល់សំណងឱ្យពួកគេវិញ»។ មេធាវីរូបនោះបានបន្តទៀតថា នៅពេលដែលប្តីប្រពន្ធទាំងពីរកាន់តែចាស់ទៅ «គ្មាននរណាម្នាក់នៅមើលថែពួកគេទេ» ហើយ «ឪពុកម្តាយទាំងអស់តែងតែប្រាថ្នា ចង់ក្លាយជាជីដូន-ជីតាគេ នៅថ្ងៃណាមួយ»។ បើតាមពាក្យបណ្ដឹង ប្តីប្រពន្ធប្រាសាដ ក៏បានទិញរថយន្តឲ្យកូនប្រុស និងកូនប្រសា ស្រីរបស់ខ្លួន ហើយចេញថ្លៃក្រេបទឹកឃ្មុំឱ្យពួកគេ ថែមទៀតផង។

គួរបញ្ជាក់ថា ទោះបីជាពាក្យបណ្តឹងបែបនេះ កម្រកើតមានឡើងក៏ដោយ ប្រធានបទនៃកាតព្វកិច្ចគ្រួសារ គឺជាប្រធានដ៏ចម្រូងចម្រាសមួយ ជាយូរណាស់មកហើយនៅឥណ្ឌា ដែលជាប្រទេសចាត់ទុកការបន្តវេនគ្រួសារ និងការមើលថែឪពុកម្តាយ ព្រមទាំងឪពុកម្ដាយក្មេក ដែលចាស់ជរា ជាកាតព្វកិច្ចរបស់កូនៗ។ ជួនកាល វាក៏ជាកាតព្វកិច្ចផ្លូវច្បាប់ផងដែរ ដោយឪពុកម្តាយអាចទាមទារប្រាក់ឧបត្ថម្ភប្រចាំខែ ពីកូនពេញវ័យរបស់ពួកគេ ក្រោមច្បាប់សហព័ន្ធមួយ ដែលស្វែងរកការការពារឪពុកម្តាយ និងពលរដ្ឋវ័យចំណាស់ ដែលប្រហែលជាមិនអាចមើលថែខ្លួនឯងបាន៕