(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃអង្គារនេះ បានប្រកាសពីការដកខ្លួនរបស់រុស្ស៊ី ចេញពីក្រុមប្រឹក្សារដ្ឋនៅសមុទ្របាល់ទិក ដោយកត់សម្គាល់ថា ការដកខ្លួនចេញពីក្រុមប្រឹក្សានឹងមិនប៉ះពាល់ដល់វត្តមានរបស់ខ្លួននៅក្នុងតំបន់នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា «ដើម្បីឆ្លើយតបនឹងអរិភាព រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានផ្ញើលិខិតមួយទៅកាន់បណ្តារដ្ឋមន្ត្រីនៃប្រទេសជាសមាជិក នៃក្រុមប្រឹក្សាសមុទ្របាល់ទិកដែលជាតំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ ក៏ដូចជាទៅកាន់លេខាធិការដ្ឋានក្រុមប្រឹក្សានៅទីក្រុង Stockholm ដោយបានជូនដំណឹងពួកគេអំពីការដកខ្លួនរបស់រុស្ស៉ីចេញពីអង្គការ។ ក្នុងពេលជាមួយគ្នានោះសភាសហព័ន្ធរុស្ស៊ីក៏បានសម្រេចចិត្តដកខ្លួនចេញពីសភាសភាបាល់ទិកផងដែរ»

ក្រសួងបានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះនឹងមិនប៉ះពាល់ដល់វត្តមានរបស់រុស្ស៊ីនៅក្នុងតំបន់នោះទេ៕