(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានប្រកាសនៅថ្ងៃអង្គារ ទី១៧ ខែឧសភាថា ប្រទេសនេះនឹងលែងតម្រូវឱ្យអ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ បង្ហាញលទ្ធផលតេស្តអវិជ្ជមានដើម្បីចូលប្រទេសទៀតទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP។

តាមរយៈសេចក្តីថ្លែងការមួយ លោក វីដូដូ បាននិយាយថា «អ្នកធ្វើដំណើរក្នុងស្រុក និងអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញ លែងត្រូវការធ្វើតេស្ត PCR ឬការធ្វើតេស្តរហ័ស ដើម្បីចូលប្រទេសទៀតទេ»

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយ អ្នកនាំពាក្យសម្រាប់ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដរបស់ប្រទេសឥណ្ឌូនេស៊ី លោក Wiku Adisasmito បាននិយាយថា គោលនយោបាយថ្មីនេះនឹងចូលជាធរមាននៅថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីបានលុបចោលតម្រូវការធ្វើតេស្តសម្រាប់អ្នកធ្វើដំណើរក្នុងស្រុក ដែលបានចាក់វ៉ាក់សាំងពេញលេញកាលពីខែមីនា ប៉ុន្តែបច្ចុប្បន្ននៅតែតម្រូវឱ្យអ្នកដែលមកពីបរទេស ធ្វើតេស្ដមុនចេញដំណើរ៕