(វ៉ាស៉ីនតោន)៖ អាជ្ញាធរសុខាភិបាលអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា ក្មេងៗដែលមានអាយុចាប់ពី ៥ឆ្នាំនៅទូទាំងសហរដ្ឋអាមេរិក នឹងអាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក Pfizer សម្រាប់ដូសទី៣ ឬដូសជំរុញហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

លោក រ៉ូបឺត ខាលីហ្វ (Robert Califf) ប្រធានរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា FDA បានអនុម័តឱ្យក្មេងៗដែលនៅក្នុងក្រុមអាយុចាប់ពី ៥ឆ្នាំទៅ១១ឆ្នាំ អាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសជំរុញហើយ ដើម្បី «ផ្តល់ការការពារបន្តប្រឆាំងនឹង ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ»។

គណៈកម្មាធិការអ្នកជំនាញមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក គ្រោងនឹងជួបប្រជុំនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាលើបញ្ហានេះ។ ក្មេងៗនឹងមានសិទ្ធិទទួលបាន ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសជំរុញយ៉ាងហោចណាស់ រយៈពេល៥ខែ បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងដូសដំបូង របស់ពួកគេ។

គួរបញ្ជាក់ថា ការអនុម័តនេះ បានកើតឡើងនៅពេលដែលករណីឆ្លងជំងឺ COVID-19 កំពុងតែកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ដោយមានករណីឆ្លងប្រមាណ ៩០,០០០ករណីត្រូវបានរាយការណ៍ក្នុងមួយថ្ងៃ ខណៈករណីចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏កើនឡើងផងដែរ៕