(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសបើកស្ថានទូតប្រចាំទីក្រុងកៀវឡើងវិញ ក្រោយពីបានផ្អាកការងារ និងដកមន្រ្តីទូតរបស់ខ្លួនចេញពីរដ្ឋធានី របស់អ៊ុយក្រែនមួយនេះដែលវាមានរយៈពេលជិត៣ខែ គិតចាប់តាំងពីមុនសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពី សារព័ត៌មាន Al-Jazeera នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក, លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) រដ្ឋមន្រ្តីការបរទេសអាមេរិក បានគូសបញ្ជាក់ថា «ប្រជាជនអ៊ុយក្រែន បានការពារមាតុភូមិរបស់ពួកគេ, ប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី ដោយមានជំនួយផ្នែកសន្តិសុខរបស់យើង ហើយលទ្ធផល ជាផ្លែផ្កាថែមទៀតនឹងកើតមាន ក្រោយការបើកដំណើរការស្ថានទូតអាមេរិកឡើងវិញនេះ»។ លោក ប្លីនខិន បន្ថែមថា «ខណៈសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន នៅតែបន្តសហរដ្ឋអាមេរិកកំពុងចាត់វិធានការបន្ថែមទៀត ដើម្បីបង្កើនសុវត្ថិភាពដល់មន្រ្តីរបស់យើងដែលត្រូវវិលត្រឡប់ទៅកាន់ទីក្រុងកៀវវិញ»

គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក បានបញ្ជាឱ្យក្រុមគ្រួសាររបស់បុគ្គលិកអាមេរិកទាំងអស់ នៅឯស្ថានទូតក្នុងទីក្រុងកៀវ ចាកចេញពីប្រទេស កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ចំពេលមានការព្រួយបារម្ភថាទាហានរុស្ស៊ីដែលប្រមូលផ្តុំនៅតាមព្រំដែនអ៊ុយក្រែន បម្រុងនឹងធ្វើការវាយប្រហារ។

ជុំវិញការបើកស្ថានទូតឡើងវិញនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានតែងតាំងមន្រ្តីទូតជើងចាស់ គឺលោកស្រី ប្រ៊ីដហ្គេត ប្រ៊ីន (Bridget Brink) ជាឯកអគ្គរដ្ឋទូតប្រចាំនៅទីក្រុងកៀវ ដោយសារលោកស្រីស្គាល់តំបន់នេះច្បាស់៕