(ឡុងដ៍)៖ ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថា ខ្លួនកំពុងបិទការិយាល័យស្ថានីយទូរទូស្សន៍កាណាដា CBC ប្រចាំនៅទីក្រុងមូស្គូ ព្រមទាំងសម្រេចដកទិដ្ឋាការ និងការទទួលស្គាល់ពី ក្រុមអ្នកសារព័ត៌មានរបស់ស្ថានីយទូរទស្សន៍នេះ ផងដែរ បន្ទាប់ពីទីក្រុងអូតាវ៉ា បានសម្រេចបិទស្ថានីយទូរទស្សន៍រដ្ឋរុស្ស៉ី Russia Today (RT)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ជាមួយការសោកស្តាយណាស់ យើងនៅតែបន្តកត់សម្គាល់ឃើញ ការវាយប្រហារដោយចំហលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ពីបណ្តាប្រទេសលោកខាងលិច។ ការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីជាការសងសឹកចំពោះសកម្មភាពរបស់ប្រទេសកាណាដា៖ គឺបិទការិយាល័យស្ថានីយទូរទូស្សន៍ CBC នៅទីក្រុងមូស្គូ រួមទាំងចាត់ទុកជាមោឃៈនៃការទទួលស្គាល់និងទិដ្ឋាការ របស់អ្នកសារព័ត៌មានរបស់ពួកគេផងដែរ»

លោកស្រី Zakharova បានបន្ថែមថា ទីក្រុងអូតាវ៉ា បានជ្រើសរើសផ្លូវប្រឆាំងនឹងទីក្រុងមូស្គូ រួមទាំងការបិទប្រព័ន្ធផ្សព្វផ្សាយ។ ប្រទេសកាណាដា កាលពីខែមីនាកន្លងទៅនេះ បានបិទបណ្ដាញទូរទស្សន៍ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៉ី RT និង RT France ដែលជាផ្នែកភាសាបារាំងរបស់ RT។

គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ CBC បាននិយាយថា ពួកគេបានដំណើរការស្ថានីយនៅទីក្រុងមូស្គូអស់រយៈពេល ៤៤ឆ្នាំមកហើយ និង «មានការខកចិត្តយ៉ាងខ្លាំង» ចំពោះការសម្រេចចិត្តខាងលើនេះ៕