(វ៉ាសូវី)៖ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាថេអ៊ូស ម៉ូរ៉ាវៀស្គី (Mateusz Morawiecki) នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងថា ប៉ូឡូញនឹងជួយស៊ុយអែត ព្រមទាំងហ្វាំងឡង់ ប្រសិនបើពួកគេរងការវាយប្រហារណាមួយ មុនពេលទទួលបានសមាជិកភាព នៃអង្គការ NATO។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

លោក Morawiecki បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចាត់ទុកការចូលរួមជាសមាជិករបស់ស៊ុយអែត និងហ្វាំងឡង់ នៅក្នុងអង្គការ NATO ជាសញ្ញាដ៏សំខាន់បំផុតមួយ នៃការពង្រឹងសន្តិសុខនៅតំបន់អឺរ៉ុប។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា ក្នុងករណីដែលមានការវាយប្រហារណាមួយ លើស៊ុយអែតនិងហ្វាំងឡង់ ខណៈសំណើសុំចូលជាសមាជិករបស់ពួកគេ កំពុងឆ្លងកាត់នីតិវិធីនោះ គឺប៉ូឡូញនឹងចូលជួយប្រទេសទាំងពីរ»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ហ្វាំងឡង់និងស៊ុយអែត បានដាក់ពាក្យស្នើសុំជាផ្លូវការ ដើម្បីចូលជាសមាជិករបស់ NATO បន្ទាប់ពីការសម្រេចចិត្តនេះ ត្រូវបានជំរុញដោយការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន៕