(ហែលស៉ិនគី)៖ នាយករដ្ឋមន្រ្តីហ្វាំងឡង់ លោកស្រី សានណា ម៉ារីន (Sanna Marin) បាននិយាយថា ហ្វាំងឡង់មិនចង់ឱ្យអង្គការ NATO មកដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ឬមួយក៏បង្កើតមូលដ្ឋានយោធា នៅលើទឹកដីរបស់ខ្លួនឡើយ បើទោះបីជាប្រទេសលោកស្រី ក្លាយជាសមាជិករបស់បក្សសម្ព័ន្ធយោធានេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍មួយជាមួយកាសែតអ៉ីតាលី ខ័ររៀរ៉េ ដេឡា សេរ៉ា (Corriere della Sera) ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ លោកស្រី Marin បានលើកឡើងថា សំណួរនៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ឬបង្កើតមូលដ្ឋានទ័ពរបស់អង្គការ NATO នៅហ្វាំងឡង់ មិនស្ថិតក្នុងកិច្ចចរចាសមាជិកភាពរបស់ទីក្រុងហែលស៉ិនគី ជាមួយ NATO នោះទេ។ លោកស្រីនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ទៀតថា ហ្វាំងឡង់ក៏មិនចាប់អារម្មណ៍ ចង់មានដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ឬវត្តមានមូលដ្ឋានយោធារបស់ NATO នៅលើទឹកដីខ្លួនផងដែរ។

រីឯនាយករដ្ឋមន្រ្តីស៊ុយអែត លោកស្រី ម៉ាដាឡេណា ដាន់ដឺសុន (Magdalena Andersson) ក៏បានបញ្ជាក់ស្រដៀងគ្នារួចហើយថា ប្រទេសលោកស្រី មិនចង់បានវត្តមានមូលដ្ឋានយោធាអចិន្រ្តៃយ៍ ឬក៏អាវុធនុយក្លេអ៊ែររបស់អង្គការ NATO នៅលើទឹកដីស៊ុយអែតឡើយ។ កាលពីថ្ងៃពុធសប្តាហ៍នេះ ស៊ុយអែត បានដាក់ពាក្យដំណាលគ្នាជាមួយហ្វាំងឡង់ ដើម្បីសុំចូល NATO ជាផ្លូវការ។

គួរបញ្ជាក់ថា កន្លងមកនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានអះអាងថា ទីក្រុងមូស្គូមិនចាត់ទុកវត្តមានរបស់ហ្វាំងឡង់និងស៊ុយអែត នៅក្នុងអង្គការ NATO ជាការគំរាមកំហែងមួយនោះឡើយ ប៉ុន្តែលោកបានព្រមានថា រុស្ស៉ីនឹងឆ្លើយតបវិញ ប្រសិនបើមានការដាក់ពង្រាយអាវុធ ឬការបង្កើតមូលដ្ឋានទ័ពរបស់សម្ព័ន្ធយោធានេះ នៅក្នុងប្រទេសទាំងពីរ៕