(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តវ៉ាក់សាំង CONVIDECIA ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនចិន CanSino Biologics សម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងរបស់ប្រទេសចិនទីបី ដែលត្រូវបានទទួលបន្ទាប់ពីវ៉ាក់សាំង Sinopharm និង Sinovac។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបាននិយាយថា វ៉ាក់សាំង CanSino ដែលចាក់តែមួយដូសត្រូវបានរកឃើញថា មានប្រសិទ្ធភាព ៩២ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩ ធ្ងន់ធ្ងរ និង ៦៤ភាគរយមានប្រសិទ្ធភាពក្នុងការការពារមនុស្សពីការវិវត្តរោគសញ្ញានៃជំងឺ។ ក្រុមអ្នកជំនាញ WHO ស្តីពីវ៉ាក់សាំងបានណែនាំវ៉ាក់សាំង សម្រាប់មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

វ៉ាក់សាំង CanSino ប្រើមេរោគដែលមិនបង្កគ្រោះថ្នាក់ហៅថា adenovirus ដើម្បីបញ្ជូនប្រូតេអ៊ីន spike ពីវីរុសនេះចូលទៅក្នុងរាងកាយ ដែលបន្ទាប់មកបង្កឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ។ បច្ចេកវិទ្យានេះគឺស្រដៀងទៅនឹងវ៉ាក់សាំងដែលផលិតដោយ Johnson & Johnson និង AstraZeneca ដែលប្រើមេរោគ adenoviruses ផ្សេងទៀត។

ការអនុញ្ញាតរបស់ WHO លើ CanSino មានន័យថា កិច្ចខិតខំប្រឹងប្រែងកម្មវិធី COVAX គាំទ្រ ដោយអង្គការសហប្រជាជាតិ ដើម្បីចែកចាយវ៉ាក់សាំងទៅកាន់ប្រទេសក្រីក្រ ឥឡូវនេះអាចទិញ និងចែកចាយវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនចិនបាន។ កាលពីឆ្នាំមុន COVAX បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចិនជាងកន្លះពាន់លានដូស ដែលផលិតដោយក្រុមហ៊ុនចិន Sinopharm និង Sinovac៕