(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាស៊ុយអែត និងហ្វាំងឡង់ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រដាក់ពាក្យសុំចូលជាសមាជិកណាតូ (NATO) របស់ប្រទេសទាំង២ ដែលធ្លាប់តែជាប្រទេសអព្យក្រឹត អស់រយៈពេល រាប់ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលណាតូជាផ្លូវការ កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយការសម្រេចចិត្តបែបនេះត្រូវបានគេមើលឃើញថាជំរុញដោយ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ប៉ុន្តែ សមាជិកភាពរបស់ប្រទេសទាំង២ កំពុងជួបឧបសគ្គរាំងស្ទះដោយសារតែការជំទាស់ពីតួកគីដែលជាសមាជិកណាតូ ដ្បិត ដើម្បីចូលបក្សសម្ព័ន្ធយោធាមួយទាំងស៊ុយអែត និងហ្វាំងឡង់ ចាំបាច់ទទួលបានសំឡេងគំាទ្រកង់សុងស៊ីសពីប្រទេសជាសមាជិកណាតូទាំង៣០ ប្រទេស។

តែទោះជាបែបនេះក្ដី ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី ម៉ាកដាលេណា អានឌឺសសុន (Magdalena Andersson) និងប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនីស្ដូ (Sauli Niinisto) នៅឯសេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ចូ បៃដិន បានហៅការសម្រេចចិត្តរបស់ប្រទេសទាំង២ ថាជាចំណុចរបត់មួយនៃសន្តិសុខអឺរ៉ុប ដែលនឹងកាន់តែជួយពង្រឹងសន្តិសុខក្នុងតំបន់អឺរ៉ុបទាំងមូល។

លោក បៃដិន បានបញ្ជាក់ដូច្នេះថា «ការបន្ថែមសមាជិកថ្មីក្នុងណាតូ មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយទេ ដ្បិតគោលដៅចម្បងរបស់ ណាតូគឺការពារប្រឆាំងនឹងការឈ្លានពានតែប៉ុណ្ណោះ»

គួរបញ្ជាក់ថា បើតាមលោក ចូ បៃដិន ស៊ុយអែត និងហ្វាំងឡង់ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ជុំវិញការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ដាក់ពាក្យសុំចូលជាសមាជិកណាតូ(NATO) ហើយថាប្រទេសទាំង២នេះបំពេញបានគ្រប់លក្ខខណ្ឌទាំងអស់ដែលណាតូត្រូវការ៕