(វ៉ាស៉ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានអនុម័តក្នុងសំឡេងគាំទ្រ យ៉ាងលើសលប់នូវកញ្ចប់ ជំនួយថ្មីដែលមានទំហំទឹកប្រាក់ជិត ៤០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ហើយបានបញ្ជូនសេចក្ដីព្រាងច្បាប់ទៅកាន់សេតវិមាន ដើម្បីឱ្យប្រធានាធិបតី លោក ចូ បៃដិនចុះហត្ថលេខា ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្កើនកញ្ចប់ជំនួយផ្នែកយោធាអស់រយៈពេលជិត ៣ខែមកហើយ បន្ទាប់ពីការឈ្លានពាន របស់រុស្ស៉ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ៨៦ ទល់នឹង ១១សំឡេង លើកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌ ដែលជាកញ្ចប់ជំនួយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន រហូតមកដល់បច្ចុប្បន្ន។

ប្រធានព្រឹទ្ធសភាអាមេរិកសំឡេងភាគច្រើន លោក ឆុក ស៊ូមមើ (Chuck Schumer) បាននិយាយដោយជំរុញឱ្យមានការគាំទ្រចំពោះសេចក្តីព្រាងច្បាប់នេះ មុនពេលបោះឆ្នោតយ៉ាងដូច្នេះថា «នេះគឺជាកញ្ចប់ជំនួយដ៏ធំមួយ ហើយវានឹងបំពេញតម្រូវការដ៏ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែន នៅពេលដែលពួកគេ តស៊ូប្រយុទ្ធ ដើម្បីជីវិតរបស់ពួកគេ»

លោក បៃដិន នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក៏បានកត់សម្គាល់ដែរថា ការអនុម័តលើសេចក្ដីព្រាងច្បាប់ បានធានាថានឹងមិនមានការខកខានក្នុងការផ្តល់ជំនួយ របស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនឡើយ។ លោក បៃដិន បានបន្ថែមថា «ខ្ញុំសូមអបអរសាទរសភា សម្រាប់ការផ្ញើសារទ្វេភាគីច្បាស់លាស់ទៅកាន់ ពិភពលោកថា ប្រជាជនអាមេរិកឈររួមគ្នាជាមួយប្រជាជនអ៊ុយក្រែនដ៏ក្លាហាន នៅពេលដែលពួកគេព្យាយាមប្រយុទ្ធប្រឆាំង ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់ពួកគេ»

គួរបញ្ជាក់ថា នៅពេលលោក បៃដិន ចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ វានឹងនាំមកនូវកញ្ចប់ជំនួយសរុបរបស់សហរដ្ឋអាមេរិកដែលត្រូវបានអនុម័ត សម្រាប់អ៊ុយក្រែន កើនឡើងដល់ទៅជាង ៥០ពាន់លានដុល្លារអាមេរិក គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ៕