(ឌីលី)៖ លោក ចូសេ រ៉ាម៉ូស-ហ័រតា (Jose Ramos-Horta) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទីម័រខាងកើត ហើយ មុនពេលប្រារព្ធពិធីរំលឹកខួបលើកទី២០ នៃឯករាជ្យភាពសម្រាប់ប្រទេសដ៏ក្មេងខ្ចីជាងគេមួយនេះនៅក្នុងតំបន់អាស៉ី។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al jazeera នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

លោក Ramos-Horta បានអំពាវនាវឱ្យមានការផ្សះផ្សាជាតិ និងឯកភាពជាតិ ខណៈលោកបានស្បថចូលកាន់តំណែងភ្លាមៗមុនពាក់កណ្តាលអធ្រាត្រ (ម៉ោងក្នុងស្រុក) ជាពេលវេលាដែលប្រទេសនេះបានប្រកាសឯករាជ្យកាលពី២០ឆ្នាំមុន។ លោក Ramos-Horta បានលើកឡើងដូច្នេះថា «ថ្ងៃនេះច្រើន ជាងពេលណាៗទាំងអស់ យើងត្រូវតែដឹងច្បាស់ថា មានតែការរួបរួមប៉ុណ្ណោះ ទើបអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលយើងចង់បាន»

លោក Ramos-Horta ក៏បានសន្យាក្នុងនាមជាប្រធានាធិបតីថ្មីថានឹងព្យាយាមកាត់បន្ថយភាពក្រីក្រ កែលម្អសេវាសុខភាពសម្រាប់ម្តាយ និងកុមារ និងជំរុញ កិច្ចសន្ទនា ដើម្បីស្តារស្ថិរភាពនយោបាយឡើងវិញផងដែរ។ លោករំពឹងថា ប្រទេសទីម័រខាងកើត ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជា ប្រទេសទីម័រឡេស្តេ (Timor-Leste) នឹងក្លាយជាសមាជិកទី១១ នៃប្លុកតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ក្នុងរយៈពេល ២ឆ្នាំខាងមុខនេះ។

លោក Ramos-Horta បានសង្កត់ធ្ងន់ថា «ខ្ញុំនឹងបំពេញដោយភាពស្មោះត្រង់នូវមុខងារដែលបានវិនិយោគលើខ្ញុំ… ហើយនឹងលះបង់ថាមពល និងចំណេះដឹង ទាំងអស់របស់ខ្ញុំចំពោះការការពារ និងការពង្រឹងឯករាជ្យភាព និងឯកភាពជាតិ»។ លោក Ramos-Horta បានបន្ថែមថា «សន្តិភាពនឹងមានភាពពិតប្រាកដ និងស្ថិតស្ថេរនៅពេលដែលវាសម្រេចបានតាមរយៈការសន្ទនា និងការគោរពគ្នាទៅវិញទៅមក ដែលភាគីទាំងពីរមិនមានអារម្មណ៍បង្ខិតបង្ខំ និងធ្វើឱ្យអាម៉ាស់»

គួរបញ្ជាក់ថា លោក Ramos-Horta វ័យ ៧២ឆ្នាំ ដែលជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាព និងជាអតីតអ្នកតស៊ូទាមទារឯករាជ្យម្នាក់ បានផ្ដួលលោក ហ្រ្វង់ស៊ីស្កូ ហ្គូទែររ៉េស (Franciso Guterres) នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៩ ខែមេសាកន្លងទៅនេះ។ លោកក៏ធ្លាប់កាន់តំណែងជាប្រធានាធិបតី ទីម័រខាងកើត កាលពីចន្លោះឆ្នាំ ២០០៧-២០១២ ម្តងរួចមកហើយផងដែរ ហើយពេលមុននោះ លោកក៏មានតួនាទីជានាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសថែមទៀតផង៕