(ទីក្រុងឡុងដ៍)៖ ទីភ្នាក់ងារសន្តិសុខសុខាភិបាលរបស់ចក្រភពអង់គ្លេសបាននិយាយនៅថ្ងៃសុក្រទី២០ ឧសភានេះថា ខ្លួនបានរកឃើញករណីឆ្លងថ្មី នៃជំងឺអុតស្វា(monkeypox) ចំនួន១១ករណីទៀត ដោយធ្វើឱ្យចំនួនករណីសរុបនៅក្នុងប្រទេសនេះកើនឡើងដល់២០ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

កន្លងមក ប្រទេសអង់គ្លេសបានរាយការណ៍អំពីករណីសរុបចំនួន៩ករណី នៃជំងឺកម្រិតស្រាលជាធម្មតា ដែលត្រូវបានកំណត់លក្ខណៈដោយរោគសញ្ញាគ្រុនក្តៅ និងកន្ទួលរមាស់។

ករណីឆ្លងដ៏កម្រនៃជំងឺអុតស្វា (Monkeypox) នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត នៅតាមបណ្ដាប្រទេសអឺរ៉ុបជាច្រើន ព្រមទាំងសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលីផងដែរ។

សម្រាប់ករណីឆ្លងថ្មីចុងក្រោយគេបង្អស់ គឺត្រូវបានរាយការណ៍នៅក្នុងប្រទេសបារាំង អ៉ីតាលី ស៊ុយអែត និងអូស្ត្រាលី ខណៈជំងឺនេះ ភាគច្រើនកើតមាននៅតាមកន្លែងដាច់ស្រយាល នៃតំបន់អាហ្វ្រិកកណ្តាល និងអាហ្រ្វិកខាងលិចជាដើម។ ជាទូទៅ ករណីឆ្លងដែលលេចឡើងនៅក្រៅតំបន់នៃទ្វីបអាហ្រ្វិកខាងលើ គឺភាគច្រើនទាក់ទងទៅនឹងការធ្វើដំណើរទៅកាន់តំបន់ទាំងនោះ ផ្ទាល់។

បើតាមសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស, ជំងឺអុតស្វា ឬ Monkeypox គឺជាជំងឺឆ្លងដ៏កម្រដែលជាធម្មតា វាមានកម្រិតស្រាល ហើយមនុស្សភាគច្រើនអាចជាសះស្បើយឡើងវិញ ក្នុងរយៈពេល ២-៣សប្តាហ៍។ ជំងឺនេះមិនងាយឆ្លងរវាងមនុស្សទេ ហើយហានិភ័យនៃការឆ្លងរីករាលដាលខ្លាំង ត្រូវបានគេនិយាយថា មានកម្រិតទាបណាស់៕