(មូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ ស៊ូហ្គូ (Sergei Shoigu) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា រុស្ស៉ីនឹងបង្កើតមូលដ្ឋានយោធាថ្មីៗ នៅតំបន់ភាគខាងលិចប្រទេស ដើម្បីជាវិធានការឆ្លើយតបចំពោះហ្វាំងឡង់ និងស៊ុយអែត សម្រាប់ការចូលជាសមាជិករបស់អង្គការណាតូ (NATO)។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថា លោក ស៊ូហ្គូ បានគូសបញ្ជាក់ថា ការស្នើសុំចូលជាសមាជិក NATO របស់ហ្វាំងឡង់ និងស៊ុយអែត គឺស្ថិតក្នុងចំណោមការគំរាមកំហែងផ្នែកយោធាជាច្រើនផ្សេងទៀត ដែលបានកើតឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមបណ្តោយព្រំដែនភាគពាយព្យរបស់រុស្ស៉ី។ ការគំរាមកំហែងទាំងនោះ ក៏រាប់បញ្ចូលទំាងសហរដ្ឋអាមេរិក ដែលបង្កើនការ ហោះហើរនូវយន្តហោះទម្លាក់គ្រាប់បែកជាយុទ្ធសាស្រ្ត, ការបញ្ជូននាវាចម្បាំងទៅកាន់សមុទ្របាល់ទិក និងការពង្រឹងសមយុទ្ធហ្វឹកហ្វឺនក្នុងតំបន់ជាមួយសម្ព័ន្ធមិត្តផងដែរ។

លោក ស៊ូហ្គូ បានបន្ថែមថា «ភាពតានតឹងនៅតែបន្តកើនឡើង ក្នុងម្តុំតំបន់ទទួលបន្ទុក នៃកងកម្លាំងយោធាភូមិភាគខាងលិច ហើយយើងកំពុងចាត់វិធានការតបត ឲ្យបានពេញលេញ។ លោកបានបញ្ជាក់ថា «នៅដំណាច់ឆ្នាំនេះ អង្គភាពនិងកងពលថ្មីៗ ចំនួន១២ នឹងត្រូវបង្កើតឡើង នៅក្នុងជួរកម្លាំងយោធាភូមិភាគខាងលិច រួមជាមួយ ការបំពាក់សម្ភារយោធា និងសព្វាវុធ ប្រមាណ២,០០០គ្រឿង»

គួរបញ្ជាក់ថា ការព្រួយបារម្ភផ្នែកសន្តិសុខ ដែលជំរុញដោយការវាយប្រហាររបស់រុស្ស៉ីនៅអ៊ុយក្រែន បានធ្វើឲ្យហ្វាំងឡង់ និងស៊ុយអែត សម្រេចចិត្តបោះបង់គោលនយោបាយអព្យាក្រឹត ដែលមានជាយូមកហើយនោះ និងផ្លាស់ប្តូរមកចូលរួម ជាមួយបក្សសម្ព័ន្ធយោធាណាតូ៕