(ប៉េកាំង)៖ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានធ្វើជាអធិបតីនៃកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេស BRICS ជាមួយនឹងប្រទេសទីផ្សាររីកចម្រើនថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍នៅទីក្រុងប៉េកាំង តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី១៩ ខែឧសភា។ រដ្ឋមន្ត្រីការបរទេស BRICS និងរដ្ឋមន្ត្រីនៃបណ្តាប្រទេសជាភ្ញៀវរួមមាន កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត អាហ្សង់ទីន អេហ្ស៊ីប ឥណ្ឌូនេស៊ី នីហ្សេរីយ៉ា សេណេហ្គាល់ អេមីរ៉ាតអារ៉ាប់រួម និងថៃបានចូលរួមក្នុងកិច្ចប្រជុំនេះ។

ក្នុងកិច្ចសន្ទនា លោក Wang Yi បានថ្លែងថា នៅពេលបច្ចុប្បន្នដែលកំពុងជួប ហានិភ័យនិងបញ្ហាប្រឈមជាច្រើន វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ក្នុងការពង្រឹង សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទីផ្សាររីកចម្រើនថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍។ យើងបានប្រារព្ធកិច្ចប្រជុំសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេស «BRICS បូក» ជាលើកដំបូង ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS ជាមួយនឹងប្រទេសទីផ្សាររីកចម្រើនថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត។

លោក Wang Yi បានលើកឡើងនូវទស្សនៈចំនួនបី៖ ទីមួយ ត្រូវប្រកាន់ខ្ជាប់នូវពហុភាគីនិយម, ទីពីរ ត្រូវផ្តោតលើការអភិវឌ្ឍ, ទីបី ត្រូវប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ៕