(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានទទួលស្គាល់ថា សម្ព័ន្ធគណបក្សអភិរក្សនិយម Liberal-National Coalition របស់លោក បរាជ័យក្នុងការបោះឆ្នោតសកល នាថ្ងៃសៅរ៍នេះ ហើយគណបក្សប្រឆាំង Labor នឹងឡើងដឹកនាំប្រទេសវិញម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។

លោក Morrison បានថ្លែងយ៉ាងដូច្នេះថា «យប់នេះ ខ្ញុំបាននិយាយជាមួយប្រធានគណបក្សប្រឆាំង ដែលនឹងត្រូវក្លាយជានាយករដ្ឋមន្រ្តីថ្មី គឺលោក អាន់តូនី អាល់បានីស (Anthony Albanese) ហើយខ្ញុំបានអបអរសាទររូបលោក សម្រាប់ជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃនេះ»។ លោក Morrison ក៏នឹងលាលែងពីតំណែងជា ប្រធានគណបក្សរបស់លោកផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ABC បានព្យាករថា ជាមួយសន្លឹកឆ្នោត៥៥ភាគរយត្រូវបានរាប់ គណបក្ស Labor នឹងទទួលបានអាសនៈចំនួន៧២ ហើយគណបក្សរបស់លោក Morrison នឹងទទួលបានត្រឹម ៥២អាសនៈប៉ុណ្ណោះ។ រីឯអ្នកនយោបាយឯករាជ្យ រួមជាមួយគណបក្ស Greens នឹងកាន់កាប់១១អាសនៈ ស្របពេលដែលអាសនៈ១៦ចុងក្រោយ គឺមិនទាន់ច្បាស់។ ដើម្បីអាចបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនបាន គណបក្ស Labor ត្រូវការអាសនៈចំនួន៧៦ ក្នុងចំណោមអាសនៈសរុបទាំង១៥១ នៅរដ្ឋសភា។

គួរបញ្ជាក់ថា ជ័យជម្នះរបស់គណបក្ស Labor បានបិទបញ្ចប់រយៈពេលគ្រប់គ្រងអំណាចប្រមាណ៩ឆ្នាំជាប់គ្នា របស់សម្ព័ន្ធគណបក្ស Liberal-National Coalition ខណៈលើកចុងក្រោយបំផុត ដែលគណបក្ស Labor ឈ្នះបានសំឡេងភាគច្រើន គឺកាលពីឆ្នាំ២០០៧៕