(មីងស្កិ៍)៖ ជំនួយការម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គឺលោក វ្ល៉ាឌីមៀ មេឌីនស្គី (Vladimir Medinsky) បាននិយាយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះថា រុស្ស៉ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចចរចាជាមួយអ៊ុយក្រែន ដែលត្រូវបានផ្អាក ដោយសារតែទីក្រុងកៀវ (Kiev)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

លោក Medinsky បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍បេឡារុស្ស ONT យ៉ាងដូច្នេះថា «យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បី បន្តកិច្ចចរចា។ ប៉ុន្តែខ្ញុំចង់សង្កត់ធ្ងន់ថា កិច្ចចរចាសន្តិភាពតទៅមុខទៀត គឺអាស្រ័យលើអ៊ុយក្រែន ព្រោះកិច្ចចរចាកន្លងមកត្រូវបានផ្អាកក៏ដោយសារតែ អ៊ុយក្រែនផងដែរ»

លោក Medinsky បានបន្ថែមថា «រុស្ស៉ីមិនដែលបដិសេធ ឬគេចវេសមិនធ្វើកិច្ចចរចានោះទេ រួមទាំងនៅកិច្ចប្រជុំថ្នាក់កំពូល។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានអះអាងម្តងហើយម្តងទៀតថា បញ្ហានោះគឺថា ការរៀបចំយ៉ាងហ្មត់ចត់ គឺចាំបាច់ណាស់សម្រាប់កិច្ចប្រជុំថ្នាក់កំពូល ដែលជាកិច្ចប្រជុំរវាង ប្រធានាធិបតី ហើយឯកសារគួរតែត្រូវបានព្រាងទុកសម្រាប់កិច្ចប្រជុំបែបនេះ»។ លោក Medinsky បានពន្យល់ថា «ប្រមុខរដ្ឋគួរតែជួបប្រជុំគ្នា ដើម្បី ឈានដល់កិច្ចព្រមព្រៀងចុងក្រោយ និងចុះហត្ថលេខាលើឯកសារ ប៉ុន្តែមិនត្រូវថតរូបនោះទេ»

គួរបញ្ជាក់ថា បើតាមលោក Medinsky កាលពីមួយខែមុន ភាគីរុស្ស៉ីបានបញ្ជូនទៅឱ្យភាគីអ៊ុយក្រែននូវសេចក្តីព្រាងកិច្ចព្រមព្រៀងមួយ ហើយកិច្ចព្រមព្រៀងសំខាន់ៗ មួយចំនួនត្រូវបានយល់ព្រមរួចហើយ។ ប៉ុន្តែ ចាប់តាំងពីពេលនោះមក រុស្ស៉ីអះអាងថាអ៊ុយក្រែនមិនមានចេតនា ក្នុងការបន្តកិច្ចចរចានោះទេ ខណៈទីក្រុងកៀវ បានចោទប្រកាន់ទីក្រុងមូស្គូវិញថាបានបង្កការរាំងស្ទះដល់កិច្ចចរចា៕