(ប៉េកាំង)៖ មហាសន្និបាតសុខភាពពិភពលោកលើកទី៧៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែឧសភា។ ស្ថាប័នកិច្ចការបរទេស នៃអាជ្ញាធរតំបន់តៃវ៉ាន់បានសម្តែង «ការសោកស្តាយ និងការមិនពេញចិត្ត» ចំពោះការដែលតំបន់តៃវ៉ាន់ មិនបានទទួលសេចក្តីអញ្ជើញឱ្យចូលរួម ក្នុងមហាសន្និបាតលើកនេះ។

ពេលថ្មីៗនេះ ប្រទេសជាច្រើនបានផ្ញើលិខិតទៅកាន់ អង្គការសុខភាពពិភពលោក ដើម្បីគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាលចិន ដែលមិនយល់ព្រមតំបន់តៃវ៉ាន់ឱ្យចូលរួមទៅក្នុង មហាសន្និបាតសុខភាពពិភពលោកប្រចាំឆ្នាំនេះ ហើយមិនចង់ឱ្យមានការពិភាក្សាណាមួយ អំពីបញ្ហាទាក់ទងនឹងតៃវ៉ាន់ នៅក្នុងមហាសន្និបាតលើកនេះទេ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើង ក្នុងការឆ្លើយតបនឹងរឿងនេះនៅថ្ងៃទី២១ ខែឧសភាថា បញ្ហាអំពីការចូលរួមរបស់តំបន់តៃវ៉ាន់ នៅក្នុងអង្គការអន្តរជាតិ រួមទាំងសកម្មភាពរបស់អង្គការសុខភាពពិភពលោក ត្រូវតែដោះស្រាយតាមគោលការណ៍ចិនតែមួយ។ សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិលេខ ២៧៥៨ និងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតសុខភាពពិភពលោក លេខ២៥,១ បានបញ្ជាក់ពីគោលការណ៍ជាមូលដ្ឋាននេះ។

រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងសុខុមាលភាពរបស់ជនរួមជាតិតៃវ៉ាន់ ព្រមទាំងបានចាត់ចែងឱ្យបានសមរម្យ នូវការចូលរួមរបស់តៃវ៉ាន់នៅក្នុងកិច្ចការសុខាភិបាលជាសកល ក្រោមលក្ខខណ្ឌទុកជាមុននៃគោលការណ៍ចិនតែមួយ។

ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការពារភាពម៉ឺងម៉ាត់ និងកិត្យានុភាពនៃសេចក្តីសម្រេចចិត្តពាក់ព័ន្ធ របស់មហាសន្និបាតអង្គការសហប្រជាជាតិ និងមហាសន្និបាតសុខភាពពិភពលោក ប្រទេសចិនមិនយល់ព្រមចំពោះ ការចូលរួមរបស់តៃវ៉ាន់នៅក្នុងមហាសន្និបាតសុខភាពពិភពលោក ប្រចាំឆ្នាំនេះទេ។

ការសម្រេចចិត្តរបស់ប្រទេសចិនទទួលបានការគាំទ្រ និងយោគយល់យ៉ាងទូលំទូលាយពី សំណាក់សហគមន៍អន្តរជាតិ។ វាបានបញ្ជាក់ម្តងទៀតថា គោលការណ៍ចិនតែមួយ គឺជាសេចក្តីប្រាថ្នារបស់សហគមន៍អន្តរជាតិ និងជានិន្នាការទូទៅ ហើយក៏បង្ហាញយ៉ាងពេញលេញ នូវគោលជំហរដ៏ត្រឹមត្រូវរបស់ប្រទេសភាគច្រើនលើសលប់ ដែលប្រកាន់សច្ចាយុត្តិធម៌លើបញ្ហាពាក់ព័ន្ធតំបន់តៃវ៉ាន់ ក្នុងមហាសន្និបាតសុខភាពពិភពលោកផងដែរ៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន