(ស៊ីដនី)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងធ្វើទស្សនកិច្ចនៅកោះ Solomon ក្នុងសប្តាហ៍នេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ ដែលរំពឹងថានឹងរួមបញ្ចូលកិច្ចព្រមព្រៀងសន្តិសុខ ដែលត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

រដ្ឋាភិបាលកោះ Solomon និងឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់ពីដំណើរទស្សនកិច្ចខាងលើ នៅថ្ងៃចន្ទ (២៣ ឧសភា) ខណៈនាយករដ្ឋមន្ត្រី លោក Manasseh Sogavare បានពណ៌នាថា វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ព្រមទាំងគណៈប្រតិភូមន្ត្រីចំនួន ២០រូបមកពីទីក្រុងប៉េកាំង ត្រូវបានគេរំពឹងថានឹងទៅដល់កោះ Solomon នាពាក់កណ្តាលសប្តាហ៍នេះ ដោយនឹងចំណាយពេលមួយថ្ងៃនៅក្នុងទីក្រុង Honiara ដើម្បីចូលរួមកិច្ចប្រជុំ និងជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីប្រទេសនេះ។ លោកក៏នឹងធ្វើសន្និសីទកាសែតរួម ជាមួយរដ្ឋមន្ត្រីការបរទេសលោក Jeremiah Manele ផងដែរ៕