(ហ្សឺណែវ)៖ អ្នកការទូតរុស្ស៊ីប្រចាំបេសកកម្មអង្គការសហប្រជាជាតិក្នុងទីក្រុង ហ្សឺណែវ បានសម្រេចលាលែងពីតំណែង នៅ ថ្ងៃ ចន្ទសប្តាហ៍នេះ ដោយសម្តែងការអាម៉ាស់ចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនហើយពិពណ៌នាថា វាជាឧក្រិដ្ឋកម្ម ប្រឆាំង នឹង ប្រទេសទាំងពីរ។នេះបើយោងតាមការចេញផ្សាយដោយ The New York Times នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

លោក Boris Bondarev ដែលជាទីប្រឹក្សានៅក្នុងបេសកកម្មរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ តាំងពីឆ្នាំ២០១៩ និងដែលបានហៅខ្លួនឯងថា ជាអតីតយុទ្ធជនរយៈពេល ២០ឆ្នាំនៃកិច្ចការបរទេសរុស្ស៊ី បានប្រកាសលាលែងពីតំណែងតាមរយៈសារអ៊ីមែលមួយ ដែលផ្ញើទៅកាន់អ្នកការទូតនៅទីក្រុងហ្សឺណែវនៅថ្ងៃចន្ទ ទី២៣ ខែឧសភានេះ។ ការលាលែងពីតំណែងរបស់លោក គឺជាកាយវិការដ៏កម្របំផុតនៃការតវ៉ាដែលធ្វើឡើង ដោយអ្នកការទូតរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

លោកបានសរសេរយ៉ាងដូច្នេះថា «អស់រយៈពេល ២០ឆ្នាំ នៃអាជីពការទូតរបស់ខ្ញុំ ខ្ញុំបានឃើញការផ្លាស់ប្តូរជាច្រើន នៃគោលនយោបាយការបរទេសរបស់យើង ប៉ុន្តែខ្ញុំមិនដែលជួបរឿងអាម៉ាស់ចំពោះប្រទេសរបស់ខ្ញុំ ដូចព្រឹត្តិការណ៍នៅថ្ងៃទី ២៤ខែកុម្ភៈនេះទេ»

លោកបានបន្ថែមថា «សង្រ្គាមឈ្លានពានដែលបានបង្កឡើងដោយលោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន ដែលជាការពិតប្រឆាំងនឹងលោកខាងលិចទាំងមូលនោះ មិនត្រឹមតែជាឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុតប្រឆាំងនឹងប្រជាជននៃប្រទេសរុស្ស៊ីផងដែរ»