(ស៊ីដនី)៖ ឧបនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក រីឆាដ ម៉ាឡេស (Richard Marles) បាននិយាយនៅថ្ងៃអង្គារនេះថា ទំនាក់ទំនងរវាងអូស្រ្តាលី និងចិន នៅតែជា បញ្ហាប្រឈម ខណៈមានសេចក្តីរាយការណ៍ថាលោកនាយករដ្ឋមន្ត្រីចិនបានផ្ញើរសារអបអរសាទរ ដល់រដ្ឋាភិបាលថ្មីចំពោះជ័យជម្នះក្នុងការបោះឆ្នោតសកល នៅក្នុងប្រទេសអូស្រ្តាលី ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

ទំនាក់ទំនងអូស្រ្តាលី-ចិន ដែលធ្លាប់ជាដៃគូរពាណិជ្ជកម្មដ៏ធំបំផុត បានធ្លាក់ចូលក្នុងកម្រិតទាប បន្ទាប់ពីប្រទេសទាំងពីរ មើលមុខគ្នាមិនចំជុំវិញបញ្ហាមួយចំនួន ក្នុងនោះរួមមានទាំងការធ្វើពាណិជ្ជកម្ម, ប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ និងការចោទប្រកាន់អូស្រ្តាលីពីការជ្រៀតជ្រែកនយោបាយរបស់ចិន ជាដើម។

ថ្លែងប្រាប់ទូរទស្សន៍អូស្ត្រាលី ABC លោក ម៉ាឡេស បានលើកឡើងយ៉ាងដូច្នេះថា «តាមទស្សនៈរបស់អូស្ត្រាលី, យើងយល់ពីភាពស្មុគស្មាញនៃទំនាក់ទំនងនេះ... ប៉ុន្តែ ចិនកំពុងព្យាយាមកែប្រែពិភពលោក តាមមធ្យោបាយជាច្រើនដែលយើងមិនធ្លាប់បានឃើញពីមុនមក ហើយខ្ញុំគិតថាអ្វីទាំងអស់នេះ នឹងក្លាយជាផ្លូវ ដ៏លំបាកមួយក្នុងការឆ្ពោះទៅមុខ»

គួរបញ្ជាក់ថា លោក អាន់តូនី អាល់បានីស (Anthony Albanese) ដែលបានស្បថចូលកាន់ដំណែងជានាយករដ្ឋមន្រ្តីទី៣១ របស់ប្រទេសអូស្រ្តាលី នៅថ្ងៃចន្ទសប្តាហ៍នេះ បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងអូស្រ្តាលី និងចិន នឹងនៅតែជាបញ្ហាលំបាកមួយ មុនពេលលោកត្រូវចូលកិច្ចប្រជុំកំពូលក្វាដ (Quad) ក្នុងទីក្រុងតូក្យូ ជាមួយប្រធានាធិបតីអាមេរិក, នាយករដ្ឋមន្ត្រីជប៉ុន និងឥណ្ឌា ហើយដែលកិច្ចប្រជុំនៃក្រុមប្រទេសទាំងនេះត្រូវបានគេមើលឃើញថា រៀបចំឡើង ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕