(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងថាជនជាតិអ៉ីរ៉ាក់ម្នាក់ រស់នៅក្នុងទីក្រុងខូលុំប៊ូស (Columbus) នៃរដ្ឋអូហៃយ៉ូ (Ohio) ត្រូវបានប៉ូលិស FBI ចាប់ខ្លួននៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងគម្រោងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស (George W. Bush)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

បើតាមក្រសួងយុត្តិធម៌អាមេរិក, ជនជាតិអ៉ីរ៉ាក់ខាងលើមានឈ្មោះថា ស៊ីហាប់ អះម៉ាត់ ស៊ីហាប់ ស៊ីហាប់ (Shihab Ahmed Shihab Shihab) មានអាយុ ៥២ឆ្នាំ។ ស៊ីហាប់ អះម៉ាត់ ត្រូវបានចោទប្រកាន់ពីបទជួយទំនុកបម្រុងការប៉ុនប៉ងធ្វើឃាតអតីតមន្ត្រីអាមេរិក រួមទាំងបទល្មើស ពាក់ព័ន្ធនឹងការព្យាយាមនាំយកជនបរទេសដោយខុសច្បាប់ មកកាន់សហរដ្ឋអាមេរិក។ ក្រសួងបានបន្តទៀតថា ស៊ីហាប់ អះម៉ាត់ មានផែនការ លួចរត់ពន្ធជនជាតិអ៉ីរ៉ាក់ ៤នាក់ មកកាន់សហរដ្ឋអាមេរិក ដើម្បីឱ្យមកចូលរួមក្នុងអនុវត្តគម្រោងធ្វើឃាតលោក ប៊ូស។

គួរបញ្ជាក់ថា បើតាមប៉ូលិស FBI នៅក្នុងកិច្ចសន្ទនាមួយកាលពីខែវិច្ឆិកា ឆ្នាំ២០២១, ជនឈ្មោះស៊ីហាប់ អះម៉ាត់ បានប្រាប់មនុស្សម្នាក់ដែលជា អ្នកយកការណ៍ឱ្យ FBI ថារូបគេមានបំណងសម្លាប់អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស ដោយសារតែរូបគេមានអារម្មណ៍ ថាលោក ប៊ូស គឺជាអ្នកទទួលខុសត្រូវលើការស្លាប់របស់ប្រជាជនអ៉ីរ៉ាក់ និងការបែកបាក់នៅក្នុងប្រទេសអ៉ីរ៉ាក់ទាំងមូល។ ស៊ីហាប់ អះម៉ាត់ បាន ចូលមកក្នុងសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០២០៕