(វ៉ាស៉ីនតោន)៖ មន្ត្រីអាមេរិកជាន់ខ្ពស់មួយរូបបាននិយាយថា ការធ្វើសមយុទ្ធរួមគ្នាមួយ នៃយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៉ី និងចិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញពីសម្ព័ន្ធភាពកាន់តែស៉ីជម្រៅរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ី និងចិនបានគូសបញ្ជាក់ថា ពួកគេបានចេញប្រតិបត្តិការល្បាតរួមគ្នារយៈពេល ១៣ម៉ោង នៅលើតំបន់សមុទ្រជប៉ុន និងសមុទ្រចិនខាងកើត ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៉ី Tu-95 និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចិន Xian H-6។ ក្រសួងការពារជាតិរុស្ស៉ីបានបន្ថែមថា យន្តហោះមកពីកងទ័ពអាកាសជប៉ុន និងកូរ៉េខាងត្បូង បានតាមឃ្លាំមើលយន្តហោះរុស្ស៉ី និងចិន ផងដែរ។

សកម្មភាពនេះ គឺជាសមយុទ្ធយោធារួមគ្នាលើកដំបូងដោយចិន និងរុស្ស៉ី ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅមក ហើយវាបានកើតឡើងនៅចុងបញ្ចប់នៃការធ្វើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅក្នុងតំបន់អាស៊ី។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកជាន់ខ្ពស់ខាងលើ បានបញ្ជាក់ដូច្នេះថា «យើងគិតថាសមយុទ្ធនេះបង្ហាញ ថាចិននៅតែបន្តមានឆន្ទៈក្នុងការចងសម្ព័ន្ធភាពជិតស្និទ្ធជាមួយរុស្ស៉ី រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការយោធាផងដែរ។ សកម្មភាពបែបនេះគឺ ត្រូវបានគ្រោងទុកជាមុន»

មន្ត្រីរូបនេះដដែលបន្ថែមថា «ចិនមិនបានដើរចេញឆ្ងាយពីរុស្ស៉ីទេ។ ផ្ទុយទៅវិញ សមយុទ្ធនេះបង្ហាញថា ចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយ រុស្ស៉ីការពារនៅភាគខាងកើត ខណៈរុស្ស៉ីធ្វើសង្គ្រាមនៅភាគខាងលិច។ សមយុទ្ធនៃយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនេះ បានបង្ហាញថា រុស្ស៉ីនឹងឈរជាមួយទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងជម្លោះទឹកដីរបស់ចិន ជាមួយប្រទេសជិតខាងនៅសមុទ្រចិនខាងកើត និងខាងត្បូង»

ទោះជាយ៉ាងណា វាមិនច្បាស់ទេថា តើសមយុទ្ធនេះត្រូវបានគ្រោងធ្វើឡើង ស្របគ្នាជាមួយនឹងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក បៃដិន ក្នុងនាមជាប្រធានាធិបតីអាមេរិក មកកាន់តំបន់អាស៉ី ឬក៏យ៉ាងណានោះទេ។ លោក បៃដិន បានបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន ជាទីដែលលោកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានចូលរួមជាមួយមេដឹកនាំប្រជាធិបតេយ្យជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលត្រូវបានគេស្គាល់ថា ជាក្រុមប្រទេសក្វាដ (Quad) ដើម្បីពិភាក្សាពីសំណុំរឿងជាច្រើន ក្នុងនោះរួមមានទាំងចិន និងសង្រ្គាមនៅអ៊ុយក្រែនផងដែរ៕