(ឡុងដ៍)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បាននិយាយនៅថ្ងៃអង្គារនេះថារុស្ស៉ីមានចេតនាបង្អន់ល្បឿនវាយលុក របស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីទុកឱកាសឱ្យជនស៊ីវិលជម្លៀសខ្លួន ខណៈបណ្ដាប្រទេសលោកខាងលិចអះអាងថាកងទ័ពរុស្ស៉ី កំពុងជាប់គាំងស្ទើរតែគ្រប់សមរភូមិ រួមទាំងនៅក្នុងតំបន់ដុនបាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

លោក សឺហ្គៃ សយហ្គូ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រុស្ស៉ី ជាមួយការសង្កត់ធ្ងន់ថាការបង្អន់ល្បឿនវាយលុក ធ្វើឡើងដោយចេតនា សំដៅបញ្ចៀសគ្រោះថ្នាក់ស្លាប់ ឬរងរបួសនៅក្នុងចំណោមជនស៊ីវិល។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ីរូបនេះ បានបញ្ជាក់ដូច្នេះថា «ជាការពិតណាស់, ការបង្អន់ល្បឿនវាយលុកនេះធ្វើឡើងដោយចេតនា ដើម្បីបញ្ចៀសគ្រោះថ្នាក់ស្លាប់ ឬរងរបួស នៅក្នុងចំណោមជនស៊ីវិល»។ លោក សយហ្គូ បន្ថែមទៀតថា «បទឈប់បាញ់ជាច្រើនត្រូវបានប្រកាសឡើង រីឯច្រកផ្លូវមនុស្សធម៌កំពុងត្រូវបាន បង្កើតឡើង ក្នុងគោលបំណងជម្លៀសជនស៊ីវិលទៅរកកន្លែងមានសុវត្ថិភាព»

តែទោះជាបែបនេះក្ដី, ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានចំអកថាការអត្ថាធិប្បាយរបស់លោក សឺហ្គៃ សយហ្គូ គឺជាពាក្យសម្ដីកុហក និងគួរឱ្យអាណិត ដើម្បីបិទបាំងការខូចខាតធ្ងន់ធ្ងររបស់កងទ័ពរុស្ស៉ី តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ទាំងអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចបានអះអាងថា ការវាយលុករបស់រុស្ស៉ីកំពុងជាប់គាំង និងមានការរីកចម្រើនទៅមុខតិចតួច ស្ទើរតែគ្រប់សមរភូមិ រួមទាំងតំបន់ដុនបាស់ ដោយសារតែការវាយបកយ៉ាងខ្លាំងពីទាហានអ៊ុយក្រែន។ ប៉ុន្តែ ការលើកឡើងរបស់លោក សយហ្គូ ក៏ត្រូវបានគេមើលឃើញដែរថា រុស្ស៉ីទំនងជានឹងមិនបញ្ចប់សង្រ្គាមក្នុងពេលឆាប់ៗនេះ នោះទេ៕