(ហ្សឺណែវ)៖ ប្រធាន មហាសន្និបាតនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សមាជិករបស់ WHO ភាគច្រើន បានបោះឆ្នោតជ្រើសរើស លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) ឲ្យបន្តតំណែងជាអគ្គនាយកអង្គការ WHO នៅអាណត្តិថ្មី ដែលមានរយៈពេល ៥ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

លទ្ធផលនៃការរាប់សន្លឹកឆ្នោតដោយសម្ងាត់ ត្រូវបានប្រកាសដោយប្រធានមហាសន្និបាត WHO គឺលោក អះម៉េដ រ៉ូប្លេ អាប់ឌីឡេហ៍ (Ahmed Robleh Abdilleh) មកពីប្រទេស ជីប៊ូទី (Djibouti) នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយ ដែលបេក្ខជនឈរឈ្មោះ គឺមានតែលោក តេដ្រូសមួយរូបគត់។

ថ្លែងទៅកាន់មហាសន្និបាត WHO បន្ទាប់ពីជាប់ឆ្នោតជាថ្មី លោក តេដ្រូស បានគូសបញ្ជាក់ដូច្នេះថា «គោលដៅចម្បងបន្តទៀតរបស់ WHO នឹងផ្តោត លើការត្រៀមលក្ខណៈ និងកែលម្អទីភ្នាក់ងារសង្រ្គោះបន្ទាន់ ខណៈជំងឺរាតត្បាតមិនធ្លាប់មានពីមុនមក បានផ្តល់មេរៀនជាច្រើនដល់យើង ដើម្បីជំរុញ ការឆ្លើយតប និងអនុវត្តជាក់ស្តែង»

គួរបញ្ជាក់ថា លោក តេដ្រូស បានទទួលសំឡេងគាំទ្រចំនួន ១៥៥ ក្នុងចំណោមសំឡេងឆ្នោតសរុប១៦០ សំឡេង សម្រាប់ការបោះឆ្នោតនាអាណត្តិថ្មី ហើយក្រុមមន្រ្តី និងគណៈប្រតិភូបានសម្តែងការអបអរសារទរចំពោះ លោក តេដ្រូស ដែលបានដឹកនាំអង្គការសុខភាពិភពលោកឆ្លងកាត់រយៈពេល ដ៏ច្របូកច្របល់ដែលគ្រប់ដណ្តប់ដោយជំងឺរាតត្បាតកូវីដ ១៩៕