(សេអ៊ូល)៖ មន្រ្តីជាន់ខ្ពស់មួយរូប នៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានឱ្យដឹងថា កូរ៉េខាងជើងបាននិងកំពុងសំងំ ធ្វើតេស្តឧបករណ៍សម្រាប់បំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ដែលវាទំនងជាការត្រៀមលក្ខណៈ សម្រាប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរជាថ្មីឡើងវិញ របស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

លោក គីម តែយ៉ូ (Kim Tae-hyo) នាយកទី១នៃការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយថា ការធ្វើតេស្តនោះត្រូវបានធ្វើឡើង នៅទីតាំងមួយ ឆ្ងាយពីតំបន់ ភុងហ្គីរី (Punngye-ri) ជាទីដែលការធ្វើតេស្តអាវុធនុយក្លេអ៊ែរទាំង៦លើក នាពេលកន្លងមក នៅក្នុងប្រទេសកូរ៉េខាងជើង បានប្រព្រឹត្តទៅ។

បើតាមលោក គីម លទ្ធភាពនៃការធ្វើតេស្តអាវុធនុយក្លេអ៊ែរដោយកូរ៉េខាងជើង ក្នុងចន្លោះពេលប៉ុន្មានថ្ងៃខាងមុខ គឺមានកម្រិតទាប ប៉ុន្តែបន្ទាប់ពីនោះ គឺវាអាចនឹងកើតឡើងបាន ខណៈលោកមិនអាចផ្តល់ការព្យាករឱ្យបានច្បាស់តែម្តង អំពីពេលវេលា ដែលការធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងប្រព្រឹត្តទៅនោះឡើយ។

គួរបញ្ជាក់ថា លើកចុងក្រោយបំផុត ដែលកូរ៉េខាងជើង បានធ្វើតេស្តអាវុធនុយក្លេអ៊ែរ គឺកាលពីខែកញ្ញា ឆ្នាំ២០១៧ នៅពេលដែល ខ្លួនអះអាងថា បានធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរអ៉ីដ្រូសែន។ ក្នុងឆ្នាំ២០២២នេះ ទីក្រុងព្យុងយ៉ាង បានធ្វើតេស្តបាញ់មីស៉ីលសរុបចំនួន ១៧លើកហើយ ខណៈលើកចុងក្រោយ គឺនៅថ្ងៃពុធនេះតែម្តង ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្វើដំណើរត្រឡប់ទៅទីក្រុងវ៉ាស៉ីនតោនវិញ ក្រោយបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅកូរ៉េខាងត្បូងនិងជប៉ុន៕