(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធសប្ដាហ៍នេះបានសម្រេចចេញបញ្ជាឱ្យបិទបញ្ចប់គោលនយោបាយលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋរុស្ស៉ី ដោយលើកឡើងពីតម្រូវការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខតាមព្រំដែន នៅក្នុងបរិបទនៃសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

ពលរដ្ឋរុស្ស៉ី កន្លងមក ត្រូវបានអនុញ្ញាតឱ្យចូលមកកាន់ប្រទេសអ៊ុយក្រែន ដោយមិនតម្រូវឱ្យមានទិដ្ឋាការឡើយ។ តែនៅក្នុងបញ្ជាដែលបានបង្ហោះនៅលើគេហទំព័រ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថា លោកបានគាំទ្រយ៉ាងពេញទំហឹងចំពោះញត្តិរបស់ពលរដ្ឋអ៊ុយក្រែនម្នាក់ ដែលបានផ្ញើមកដើម្បីស្នើសុំឱ្យ បិទបញ្ចប់គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៉ី។ លោកបានបន្ថែមដូច្នេះថា «ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី បញ្ហាដែលបានលើកឡើង គឺមានសារៈសំខាន់។ ខ្ញុំគាំទ្រយ៉ាងពេញទំហឹង ចំពោះតម្រូវការក្នុងការពង្រឹងការគ្រប់គ្រងការចូលមកកាន់ប្រទេសអ៊ុយក្រែនរបស់ពលរដ្ឋរុស្ស៉ី»

បើតាមលោក ហ្សេលេនស្គី លោកផ្ទាល់បានផ្ញើលិខិតមួយទៅកាន់នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្ម៊ីហាល់ (Denys Shmyhal) ដើម្បីសុំឱ្យគាត់ធ្វើការលើ បញ្ហានេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីដើមខែមុន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលណែនាំអំពីការរឹតបន្តឹងទិដ្ឋាការសម្រាប់ពលរដ្ឋ នៃបណ្ដាប្រទេសនានា ដែលទីក្រុងមូស្គូចាត់ទុកថាជា «រដ្ឋអមិត្ត» រួមទាំងអ៊ុយក្រែនផងដែរ៕